ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
គ្រាន់តែចូលប្រកួតបវរកញ្ញាភេទទី៣លើកដំបូង ពិធីការនីគីឡូធ្ងន់ ផេន ខេក ដណ្តើមបានមកុដ Miss Queen Cambodia 2025 ភ្លែត និងត្រៀមតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
ឆ្លងកាត់រយៈពេលច្រើនខែនៃការប្រកួត Miss Queen Cambodia 2025 ទីបំផុតយើងបានស្វែងរកឃើញម្ចាស់មកុដជំនាន់ថ្មីហើយ គឺបានទៅលើ កញ្ញា វ៉ាន់ សំណាង ហៅ ផេន ខេក បេក្ខភាព Miss Queen តំណាងខេត្តព្រះសីហនុ។
ភាពជោគជ័យរបស់បវរកញ្ញាភេទទី៣រូបនេះ លើវេទិកា Miss Queen Cambodia 2025 បង្កើតជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ការប្រកួតបវរកញ្ញាភេទទី៣ ដោយកញ្ញា បានធ្វើជាសាខីភាពបញ្ជាក់ឱ្យគ្រប់គ្នាឃើញថា រូបរាងកាយ ពណ៌សម្បុរតែម៉្យាង មិនអាចកំណត់ជោគវាសនាមនុស្សយើងបានឡើយ តែការខិតខំប្រឹងប្រែង សមត្ថភាពពិតប្រាកដ គួបផ្សំចំណេះដឹង និងភាពឆ្លាតវ័យទៅវិញទេ ដែលជួយឱ្យយើងទទួលបានភាពជោគជ័យ។
ជាក់ស្តែង ពិធីការនីពូកែវោហាសព្ទចាក់ទឹកមិនលេច ផេន ខេក ធ្វើបានយ៉ាងល្អគ្រប់វិញ្ញាសារប្រកួតដែលស្ថាប័នបានដាក់ឱ្យ និងបានបង្ហាញឱ្យវេទិកាទាំងមូលឃើញថា រូបរាងកាយខាងក្រៅមិនអាចវាស់ពីសមត្ថភាពរបស់មនុស្សម្នាក់បានឡើយ។
កន្លងមក ផេន ខេក ធ្លាប់លើកឡើងថា នាងនឹងធ្វើជាគំរូភាពម្នាក់ឱ្យបងប្អូនភេទទី៣ផ្សេងទៀតឃើញថា រូបរាយកាយមិនមែនជាឧបសគ្គរាំងស្ទះក្តីស្រមៃខ្លួនឯងនោះឡើយ សំខាន់យើងមានសមត្ថភាពពិតប្រាកដ មានឆន្ទៈ មានភាពក្លាហាន នោះយើងនឹងទទួលបានជោគជ័យ។
ផេន ខេក រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការឈ្នះមកុដ Miss Queen Cambodia 2025 ព្រោះនេះជាក្តីស្រមៃតាំងពីតូចរបស់នាង។ ក្រោយឈ្នះមកុដជយលាភីនេះ ផេន ខេក សន្យាថា នឹងពាំនាំយកសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរយើងទៅបង្ហាញលើឆាកអន្តរជាតិនាពេលខាងមុខនេះ។
ក្រោយឈ្នះមកុដ Miss Queen Cambodia 2025 ភ្លាម ពិធីការនីគីឡូធ្ងន់ ផេន ខេក ទទួលបានទាំងការអបអរសាទរ និងមតិរិះគន់ទន្ទឹមគ្នា ប៉ុន្តែយ៉ាងណានាងនៅតែរក្សាជំហរស្ងៀមស្ងាត់ ខណៈហ្វេនផេកមួយចំនួនបានចេញមុខការពារម្ចាស់មកុដថ្មីថ្មោងរូបនេះ។
សូមជម្រាបផងដែរថា ក្រៅពី កញ្ញា ផេន ខេក ដែលឈ្នះមកុដ Miss Queen Cambodia 2025 ក្នុងនោះ កញ្ញា យ៉ុង យ៉ុង បានឈ្នះមកុដ Miss Queen Tran Cambodia 2025 , ម៉ាដាម កុល បានឈ្នះមកុដ Miss Queen LGBT Cambodia 2025 ខណៈមកុដ Grand Winner Miss Queen Cambodia ត្រូវបានរក្សាទុកសម្រាប់ កញ្ញា នៀន នៀន ដដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក