ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥

បាត់មុខជាង១០ឆ្នាំ នៅ សុនីតា វិលវិញជាមួយស្នាដៃធំលើកដំបូងក្នុងរឿង « អំពើអ្នកជិតខាង »

២៧ ឧសភា ២០២៥ | កម្សាន្ដ

 

តារាសម្តែង នៅ សុនីតា បានវិលត្រឡប់មកជួបទស្សនិកជនជាថ្មីម្តងទៀតហើយ បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់ពេលជាង១០ឆ្នាំ។ ការវិលត្រឡប់របស់នាងលើកនេះគឺបានលេចមុខនៅក្នុងភាពយន្តខ្នាតធំមួយរួមជាមួយលោក លឹម ជាឡាយ ក្នុងរឿង « អំពើអ្នកជិតខាង » ។  

 

 

បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់ពេលជាង១០ឆ្នាំ នៅ សុនីតា បានត្រឡប់មកជួបទស្សនិកជនជាថ្មីម្តងទៀតនៅក្នុងភាពយន្តខ្នាតធំលើកដំបូងនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD រួមជាមួយតារាសម្តែងរូបសង្ហា លឹម ជាឡាយ ។ ផលិតកម្ម LD បានរៀបចំពិធីសម្ពោធរឿង « អំពើអ្នកជិតខាង » ជាផ្លូវការកាលពីថ្ងៃទី ២៦ ខែ ឧសភា កន្លងមកនេះនៅរោងភាពយន្ត Legend ក្នុងផ្សារទំនើបជីបម៉ុង២៧១ ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើន ។ 

 

 

 « អំពើអ្នកជិតខាង » គឺជាប្រភេទរឿងភ័យរន្ធត់ និងនិយាយពីការធ្វើអំពើអំពន់ទៅលើគ្រួសារមួយដែលជួបនូវរៀងចម្លែកៗ ភាពច្រណែនឈ្នានីស ខឹង និង ស្អប់ បានក្លាយទៅជារឿងនឹកស្មានមិនដល់ ។ ក្នុងរឿងនេះដែរចូលរួមសម្តែងដោយតារាសម្តែងវ័យក្មេងជាច្រើនរូប មានទាំងតារាសម្តែង នៅ សុនីតា , លោក លឹម ជាឡាយ , កញ្ញា លូណា និងកញ្ញា មីយ៉ាទេព ជាដើម ..។ 

 

 

សម្រាប់តារាសម្តែង នៅ សុនីតា គឺជាតួឯកស្រីសំខាន់នៅក្នុងរឿង « អំពើអ្នកជិតខាង » ទោះបីជាខកខាននៅក្នុងការសម្តែងអស់ពេលជាង១០ឆ្នាំ ប៉ុន្តែនាងនៅតែខ្លាំងនិងទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកដឹកនាំរឿងក៏ដ៏ដូចជាមិត្តរួមអាជីព ។ សម្រាប់ស្នាដៃថ្មីរបស់ផលិតកម្ម LD ក្នុងរឿង « អំពើអ្នកជិតខាង » នេះ គឺនិពន្ធនិងដឹកនាំសម្តែងដោយ ស្រ្តីវ័យក្មេង២រូបដែលទើបនិងប្រលូកក្នុងវិស័យភាពយន្ត ។

 

 

បើតាមគម្រោងរឿង « អំពើអ្នកជិតខាង » នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៩ ឧសភា តទៅ ។ ទាំងតារាសម្តែងអ្នកនិពន្ធ និង អ្នកដឹកនាំរឿងបានអំពាវនាវឱ្យទស្សនិកជនចូលរួមទស្សនាភាពយន្តខ្មែរឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ពួកគាត់ទាំងអស់គ្នា  ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025