ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

សាច់រឿងដដែលៗ និងចម្លងពី ថៃ ផលិតករ Roy ថាបើរឿង”ម៉ែនាថ”ចំណាយទុនជាង ១០ម៉ឺនដុល្លារ គ្មានស្តង់ដារ និងមិនល្អមើលអាចដូរយកលុយវិញបាន…

០៣ មិថុនា ២០២៥ | កម្សាន្ដ

 

ផលិតករល្បីឈ្មោះលោក នាងគួនណូ ចិត្រា ហៅ Roy បានបញ្ជាក់ពីការផលិតភាពយន្តរឿង”ម៉ែនាថ” របស់ខ្លួនដែលគេចោទថា សាច់រឿងដដែលៗ និងចម្លងពីប្រទេសជិតខាង។ លោកថាបើរឿងនេះគ្មានស្ដង់ដារ អ្នកទស្សនាអាចដូរយកលុយវិញបាន។

 

 

លោក នាង គួនណូចិត្រា ហៅ Roy ដែលគេស្គាល់ថាជាផលិតករល្បីឈ្មោះម្នាក់នៅ កម្ពុជា ផ្ដើមសម្ពោធភាពយន្តខ្នាតធំរបស់ខ្លួនកាលពីយប់មិញដោយមានចំណងជើងថា”ម៉ែនាថ”។

 

 

ដោយសារតែឈ្មោះ និងសាច់រឿងបែបនេះមានផលិតករជាច្រើនធ្លាប់ផលិត រួមនឹងប្រទេសជិតខាង ថៃ ធ្លាប់ផលិតផងដែរនេះត្រូវទស្សនិកជនមួយចំនួនបានចោទថា ជាសាច់រឿងដដែល និងថែមទាំងអាចចម្លងពី ថៃ ថែមទៀត។

 

 

ឆ្លើយតបបញ្ហានេះ Roy បាននិយាយថា ដ្បិតជារឿងនេះធ្លាប់មានអ្នកផលិតច្រើន មិនថាខ្មែរ ឬថៃ តែសម្រាប់ភាពយន្តរបស់លោករឿង”ម៉ែនាថ” ដែលត្រៀមដាក់បញ្ចាំងក្នុងសប្ដាហ៍នេះ គឺមានភាពប្លែក និងទាក់ទាញធ្វើឱ្យអ្នកចូលទស្សនាចាប់អារម្មណ៍ខ្លាំង។

 

 

ផលិតករពោរពេញដោយបទពិសោធន៍លើវិស័យភាពយន្តរូបនេះបន្តថា ដោយសារតែភាពយន្តនេះបានសម្រិតសម្រាំងខ្លាំងទាំងគុណភាពសាច់រឿង និងតួអង្គច្រើនចម្រុះគ្នា បូករួមទាំងបច្ចេកទេសថ្មីៗ ធ្វើឱ្យរឿងមួយនេះ ធានាថាទស្សនិកជនចូលទស្សនានឹងមិនខកបំណងឡើយ។

 

 

ម្យ៉ាងវិញទៀតភាពយន្តនេះនឹងធ្វើឱ្យទស្សនិកជន អាចយល់ច្បាស់បានថា ផលិតករខ្មែរក្នុងស្រុកអាចផលិតភាពយន្តប្រកបដោយគុណភាព មិនចាញ់ប្រទេសជិតខាងនោះទេ ប្រសិនបានមានដើមទុន និងធនធានបច្ចេកទេស។

 

 

ដោយឡែកតារាចម្រៀងលោក សៅ ឧត្ដម និងតារាសម្ដែងវ័យក្មេងកញ្ញា ថន មរកត ដែលជាតួអង្គក្នុងសាច់រឿងបានបង្ហាញពីក្ដីរីករាយ និងភ្ញាក់ផ្អើលក្រោយពីបានចូលសម្ដែងភាពយន្តមួយនេះ។ ជាពិសេសការផលិតរបស់ផលិតករល្បីឈ្មោះខាងលើ ដែលធ្វើឱ្យភាពយន្តរឿង”ម៉ែនាថ” នេះនឹងក្លាយជាចំណីអារម្មណ៍ថ្មីសម្រាប់អ្នកទស្សនាភាពយន្តខ្មែរ។

 

សូមបញ្ជាក់ថាភាពយន្តរឿង”ម៉ែនាថ” បានផលិតចប់រួចរាល់ជាង មួយឆ្នាំមកហើយ ក៏ប៉ុន្តែភាពយន្តនេះទើបតែសម្ពោធចាក់បញ្ចាំងផ្លូវការកាលពីយប់មិញ ។ភាពយន្តនេះបានចំណាយទុនប្រមាណ ១០ម៉ឺនដុល្លារ ហើយនឹងចាក់បញ្ចាំងតាមរោងភាពយន្តនានាចាប់ពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រោងភាពយន្តទូទាំងប្រទេស៕

 

 

 

អត្ថបទ៖ PNN រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025