ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ២០២៥

Taylor Swift រំភើបដូចកើតម្ដងទៀត ក្រោយទទួលសិទ្ធិលើស្នាដៃចាស់ៗរបស់ខ្លួនវិញ

០២ មិថុនា ២០២៥ | កម្សាន្ដ

 

កំពូលតារាចម្រៀងអាមេរិក Taylor Swift បានបង្ហាញក្ដីរំភើបដូចកើតម្ដងទៀត ក្រោយទទួលសិទ្ធិគ្រប់គ្រងលើស្នាដៃចាស់ៗរបស់ខ្លួនវិញ បន្ទាប់ពីការតស៊ូក្នុងរឿងនេះអស់រយៈពេលរាប់ឆ្នាំ។

 


ចាត់ទុកថាជាដំណឹងល្អមួយដែល Swifties ឬអ្នកគាំទ្រ Taylor Swift នៅជុំវិញពិភពលោកបានរង់ចាំអស់ជាច្រើនឆ្នាំបន្ទាប់ពី តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ថានាងបានទិញសិទ្ធិគ្រប់គ្រងលើអាល់ប៊ុមដំបូងៗរបស់នាងទាំង ៦ ពីក្រុមហ៊ុន Shamrock Holdings ហើយ។

 


តាមរយៈសំបុត្រសរសេរដោយដៃដែលបង្ហោះនៅលើគេហទំព័រផ្ទាល់ខ្លួន Taylor Swift បានបង្ហាញឱ្យដឹងថា បន្ថែមពីលើការក្លាយជាម្ចាស់កម្មសិទ្ធិសម្រាប់អាល់ប៊ុមចាស់ៗទាំង ៦ រួមមានអាល់ប៊ុម Taylor Swift, Fearless, Speak Now, Red, 1989 និង Reputation នាងក៏ទទួលបានសិទ្ធិលើវីដេអូចម្រៀង ភាពយន្តប្រគំតន្ត្រី និងរូបថតទាំងអស់ដែលទាក់ទងនឹងអាល់ប៊ុមទាំង ៦ នេះផងដែរ។

 


ត្រលប់ទៅឆ្នាំ ២០១៩ រឿងរ៉ាវជម្លោះលើសិទ្ធិគ្រប់គ្រងស្នាដៃចាស់ៗរបស់ Taylor Swift បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Big Machine Records ដែលជាផលិតកម្មចាស់របស់តារាចម្រៀងស្រីរូបនេះបានលក់សិទ្ធិលើអាល់ប៊ុមចំនួនប្រាំមួយដំបូងរបស់នាងទៅឱ្យក្រុមហ៊ុនរបស់ផលិតករ Scooter Braun គឺ Ithaca Holdings LLC ដោយមិនពិគ្រោះជាមួយនាង ឬផ្តល់ឱកាសឱ្យនាងទិញសិទ្ធិលើការងាររបស់នាងនោះឡើយ។

 

 

ក្រោយមកទៀតក្រុមហ៊ុន Ithaca Holdings LLC ក៏បានលក់សិទ្ធិទាំងអស់ទៅឱ្យក្រុមហ៊ុន Shamrock Holdings ដែលធ្វើឱ្យ Taylor Swift សម្រេចចិត្តថតអាល់ប៊ុមចំនួន៦នោះឡើងវិញនិងបន្ថែមឈ្មោះ Taylor’s Version ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិខ្លួន។

 


តារាចម្រៀងស្រីវ័យ ៣៥ ឆ្នាំរូបនេះមិនបានបញ្ជាក់នោះឡើយថានាងបានចំណាយប្រាក់ប៉ុន្មានដើម្បីទិញសិទ្ធិគ្រប់គ្រងស្នាដៃរបស់ខ្លួនមកវិញ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិកបានរាយការណ៍ថាកិច្ចសន្យាទិញលក់នេះគឺមិនក្រោម ៣០០ លានដុល្លារនោះឡើយ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025