ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥
ជារឿងស្ទើរមិនគួរឱ្យជឿកញ្ញា ផន ស្រីពី បានផ្ដួលកញ្ញា ប៊ី សុធារី ដែលជាអតីតម្ចាស់មកុដ Miss Grand Cambodia ដើម្បីគ្រងមកុដ Miss Cosmo Cambodia 2025។ កញ្ញា ផន ស្រីពី បានធ្វើឱ្យមហាជន និងអ្នកចូលចិត្តតាមដានវិស័យបវរកញ្ញានៅ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលខ្លាំងក្រោយពីកញ្ញាបានផ្ដួលកញ្ញា ប៊ី សុធារី ដែលគេស្គាល់ថាជាស្ត្រីជើងខ្លាំង និងធ្លាប់ជាអតីតម្ចាស់មកុដ Miss Grand Cambodia 2024 ដើម្បីគ្រងមកុដ Miss Cosmo Cambodia 2025 ។
ការប្រកួត Miss Cosmo Cambodia 2025 ឆ្នាំនេះពិតជាទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់មហាជន ទាំងការរៀបចំឆាក និង ការរៀបចំកម្មវិធី ។ ជាលទ្ធផលនៃការប្រកួតយ៉ាងស្វិតស្វាញអស់ពេលជាច្រើនខែ ទីបំផុតកញ្ញា ផន ស្រីពី បានក្លាយទៅជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ។ ចំណែកកញ្ញា ប៊ី សុធារី គឺជាប់លំដាប់រងទី១ ។ មហាជនស្ទើរតែមិនជឿថា កញ្ញា ផន ស្រីពី អាចក្លាយទៅជាម្ចាស់មកុដក្នុងឆ្នាំនេះឡើយ ពីព្រោះកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្បីល្បាញដូចកញ្ញា ប៊ី សុធារី ។
អ្វីដែលកាន់តែអស្ចារ្យនោះគឺ ស្រីពី ទទួលបានពានរង្វាន់ធំៗថែមពីលើដល់ទៅ៣ គឺពាន Best Swimsuit , Best In Evening Gown និង Best National Costume ដោយនាងបានគ្រងឈុតនាដការីរបាំព្រះរាជទ្រព្យ ដែលមានអាយុកាល ១០០ឆ្នាំ ដែលធ្វើឲ្យនាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ។
ដោយឡែកសម្រាប់ការបង្ហាញខ្លួនរបស់កញ្ញា ផន ស្រីពី ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត Miss Cosmo Cambodia ២០២៥ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅពេលដែលឃើញកញ្ញា ផន ស្រីពី បញ្ចេញសមត្ថភាព និងការតស៊ូមតិ ការឆ្លងឆ្លើយសំនួរចម្លើយ ដែលពោរពេញទៅដោយ សមត្ថភាព មិនថាភាសា ឬភាពឆ្លាតវៃ គឺនាងអាចគ្រប់គ្រងស្ថានការបានយ៉ាងល្អ ។
កញ្ញា ផន ស្រីពី បានត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាង កម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា អ៊ិន លក្ខិណា ។ កញ្ញា ផន ស្រីពី បានប្តេជ្ញាចិត្តបំពេញតួនាទីខ្លួនឱ្យបានល្អ និងប្រឹងប្រែងហ្វឹកហាត់ជំនាញផ្សេងៗបន្ថែមទៀត ដើម្បីចូលរួមប្រកួត Miss Cosmo International 2025 នាពេលឆាប់ៗខាងមុខ ។
គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Cosmo Cambodia 2025 បានបញ្ចប់ទៅដោយរលូនក៏មានការចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជាច្រើន ភាពជាដៃគូទាំងនេះមិនត្រឹមតែពង្រីកការឈានទៅដល់កិត្យានុភាពនៃការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱ្យបេក្ខជន នូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ការសហការម៉ាកយីហោ ការចូលរួមជាគំរូ និងការបង្ហាញប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុក និងក្រៅស្រុក ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឆិល សុភ័ស្ត