ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥

ការនាំចេញត្រីប្រាវៀតណាម ឈានដល់ ១ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ

២០ សីហា ២០២៥ | សេដ្ឋកិច្ច

 

ការនាំចេញត្រីប្រារបស់វៀតណាម ឈានដល់ ១,១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៥នេះ ដែលតួលេខនេះ គឺហក់ឡើង ១១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

ទិន្នន័យពីនាយកដ្ឋានគយវៀតណាម បង្ហាញថា ការនាំចេញត្រីប្រាវៀតណាម សម្រេចបានជាង ១ពាន់ ១រយលានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២៥នេះ ពោលគឺកើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ជាមួយគ្នានេះ ទីផ្សារមួយចំនួន បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដូចជា ប្រទេសប្រេស៊ីល កើនឡើង ៧៣% ម៉ាឡេស៊ី កើនឡើង ៣៣% និងសហរដ្ឋអាមេរិកកើន ១២% ដែលជាសញ្ញានៃការងើបឡើងវិញនៃតម្រូវការនៅក្នុងទីផ្សារសំខាន់ៗ។

 


សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ក៏បានរាយការណ៍ពី ការធ្លាក់ចុះនៃការនាំចេញត្រីប្រា ទៅកាន់ ប្រទេសកូឡុំប៊ី ប្រទេសអាល្លឺម៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលធ្លាក់ចុះចន្លោះពី ១០% ទៅ ២០%។

 


បញ្ហាប្រឈមនៃការនាំចេញទាំងនេះ គឺបណ្តាលមកពី សម្ពាធសេដ្ឋកិច្ចពិភពលោក ដូចជា ភាពតានតឹងពាណិជ្ជកម្ម អតិផរណា និងពន្ធគយថ្មីសហរដ្ឋអាមេរិក ដែលគំរាមកំហែង និងបង្កជាភាពមិនច្បាស់លាស់ដល់ ការនាំចេញត្រីប្រារបស់វៀតណាម។

 


យ៉ាងណា សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ក៏បានណែនាំដល់ ក្រុមហ៊ុនផលិតត្រីប្រាវៀតណាម ឱ្យផ្តោតទៅលើទីផ្សារក្នុងស្រុក និងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត។គួររម្លឹកថា សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញត្រីប្រា នៅឆ្នាំ ២០២៥នេះ ទំនងជានឹងឈានដល់តម្លៃ ២ពាន់លានដុល្លារអាមេរិក ក្នុងកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ ២០២៤៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025