ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥
គណៈប្រតិភូវិនិយោគិនជប៉ុន បង្ហាញបំណងមកស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ក្នុងវិស័យកម្មន្តសាលខ្សែភ្លើង វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ក្នុងជំនួបពិភាក្សារវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ គណៈប្រតិភូវិនិយោគិនជប៉ុន បានបង្ហាញបំណងមកស្វែងយល់ពីសក្តានុពលវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជា ពិសេសវិនិយោគសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកម្មន្តសាលខ្សែភ្លើង វិស័យស្ថាបត្យកម្មនិងសំណង់ និងវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈខណៈការវិនិយោគមួយនេះ នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ការចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មរបស់កម្ពុជា។
ក្នុងជំនួបពិភាក្សានោះ គណៈប្រតិភូវិនិយោគិនជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែម ទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ បន្ថែមពីលើនេះ គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់ថាក្រុមហ៊ុន មិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុន ក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរង បានសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បរិយាកាសវិនិយោគ ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។ លើសពីនេះ រាល់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានធានាដោយស្មើភាពមិនថាវិនិយោគិនបរទេស ឬក្នុងស្រុក។ ការវិនិយោគនៅកម្ពុជា ពុំតម្រូវឱ្យមានចំណែកហ៊ុនរបស់វិនិយោគិនក្នុងស្រុកឡើយ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់គម្រោងវិនិយោគ។ បើយោងទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន រាល់ការវិនិយោគនៅកម្ពុជា ក៏មិនរឹតបន្តឹងលើការបំប្លែងរូបិយប័ណ្ណបរទេស និងការផ្ញើប្រាក់ទៅប្រទេសដើមវិញដែរ។សូមជម្រាបថា បើយោងតាមរបាយការណ៍ពី CDC បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង មានការកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ