ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥
អត្រាពន្ធគយរបស់សហរដ្ឋអាមេរិកលើ ការនាំចូលដែកថែប និងអាលុយមីញ៉ូម បានកើនឡើងដល់ ៥០% ទៅលើទំនិញជាង ៤០០មុខ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិធំៗចេញផ្សាយនៅថ្ងៃនេះ។
នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា អាមេរិក កំពុងដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូមលើផលិតផលជាង ៤០០មុខ រួមទាំងទួរប៊ីនខ្យល់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ គ្រឿងចក្រឈូសឆាយ និងឧបករណ៍ធុនធ្ងន់ផ្សេងទៀត រួមជាមួយនឹង ម៉ូតូ គ្រឿងសង្ហារឹម និងផលិតផលរាប់រយមុខផ្សេងទៀត។
នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានថ្លែងថា ប្រភេទផលិតផលចំនួន ៤០៧ កំពុងត្រូវបានបញ្ចូលទៅក្នុងបញ្ជីផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលរងបន្ទុកពន្ធ ៥០%។
ក្រុមហ៊ុន Evercore ISI បានបង្ហាញនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ការដាក់បន្ទុកពន្ធនេះ គឺគ្របដណ្តប់លើ កូដផលិតផលជាង ៤០០ ដែលមានតម្លៃសរុបជាង ២០០ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលកាលពីឆ្នាំមុន។
លើសពីនេះ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក ក៏កំពុងបន្ថែមផ្នែកនាំចូលសម្រាប់ ប្រព័ន្ធស៊ីម៉ាំងរថយន្ត និងដែកសម្រាប់រថយន្តអគ្គិសនី ទៅក្នុងប្រព័ន្ធពន្ធគយថ្មី ព្រមទាំងឧបករណ៍ប្រើប្រាស់រួមមាន ទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនសម្ងួតថែមទៀតផង។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តបរទេសមួយក្រុម បានជំរុញឱ្យនាយកដ្ឋាន កុំបន្ថែមគ្រឿងបន្លាស់ទៅក្នុងពន្ធគយថ្មីនេះ ដោយអះអាងថា សហរដ្ឋអាមេរិក មិនមានសមត្ថភាពផលិតក្នុងស្រុក ដើម្បីដោះស្រាយតម្រូវការ នាពេលបច្ចុប្បន្ននោះទេ។
សូមជម្រាបថា ការដំឡើងពន្ធនេះ គឺដើម្បីបិទផ្លូវដល់ការគេចវេសពន្ធ និងគាំទ្រដល់ឧស្សាហកម្មដែកថែម និងអាលុយមីញ៉ូមក្នុងសហរដ្ឋអាមេរិក ហើយការកើនឡើងពន្ធ នឹងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មជិតបំផុតរបស់សហរដ្ឋអាមេរិកគឺ កាណាដា និងម៉ិកស៊ិក ដែលជាប់ចំណាត់ថ្នាក់លេខ ១ និង ៣ រៀងគ្នាក្នុងបរិមាណដឹកជញ្ជូនដែកទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ