ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានស្នើឱ្យភាគីចិន ជួយកៀរគរអ្នកវិនិយោគពីប្រទេសចិនមកកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន។ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ហ៊ូ យ៉ុងអិន នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត បានស្នើឱ្យភាគីចិន ជួយកៀរគរអ្នកវិនិយោគពីប្រទេសចិន ឱ្យមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដើម្បីពន្លឿនវិនិយោគនិងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានលើកឡើងថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទី១ ក្នុងការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនេះជាឱកាសក្នុងការបន្តផ្សារភ្ជាប់ដើម្បីពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ ហើយដើម្បីជាការបន្តគាំទ្រដល់កិច្ចកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។លើសពីនេះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ក៏បានស្នើប្រតិភូចិន ជួយគាំទ្រដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិន និងធុរកិច្ចចិន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយប្តេជ្ញាបន្តលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជាមួយនឹងទីផ្សារអំណោយផលសេដ្ឋកិច្ចបើកចំហ និងការទាញប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល ដល់វិស័យឯកជន ដែលជួយឱ្យកម្ពុជា ជាទីតាំងសក្តានុពលដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យ បណ្ឌិត ហ៊ូ យ៉ុងអិន បានថ្លែងថា ដើម្បីរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងកម្ពុជានិងចិន វិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន នឹងសហការជាមួយបណ្តាស្ថាប័នស្រាវជ្រាវនានារបស់កម្ពុជា ក្រោមការគាំទ្រពីរដ្ឋសភាកម្ពុជា ដើម្បីរួមចែករំលែកនូវអត្ថបទស្រាវជ្រាវ ចាក់បញ្ចូលទៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសចិន ដោយផ្តោតលើផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ បណ្ឌិត បានសន្យានិងប្រាប់ទៅអ្នកវិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបដែរថា ចិនជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយទំនាក់ទំនងភាគីទ្វេនេះបានកើនឡើងជាលំដាប់ពីមួយទៅមួយឆ្នាំ។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានកំណើនកាន់តែល្អប្រសើរ ដោយកើនជាង ៧ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ ឡើងដល់ជាង ១៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ