ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន បានឯកភាពគ្នាលើ កិច្ចសហការពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទី២ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
នាឱកាសនោះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំង ២ បានពិភាក្សាផ្លាស់ប្តូរទស្សនាទាន និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។
ទន្ទឹមគ្នានេះ ភាគីទាំង២ បានឯកភាពលើ កិច្ចសហការពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។
សូមរម្លឹកបន្តិចថា ការទូទាត់ឌីជីថលតាមប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ មានការកើនឡើងខ្លាំងប្រមាណ ៣៦% ដល់ ៥១៤លានប្រតិបត្តិការ ដោយប្រព័ន្ធទូទាត់បាគង បាននិងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ និងរួមចំណែកដល់ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ + ធនាគារជាតិនៃកម្ពុជា