ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
CORTIS ក្រុមចម្រៀងថ្មីដំបូងរបស់ផលិតកម្ម Big Hit Music បន្ទាប់ពី BTS & TXT បានបង្ហាញមុខផ្លូវការ ជាមួយបទចម្រៀងនាំមុខមានចំណងជើងថា “What You Want”។
បន្ទាប់ពីចេញបទចម្រៀង Pre release មានចំណងជើងថា "GO!" កាលពីសប្តាហ៍មុន នៅពេលនេះក្រុមចម្រៀងប្រុសថ្មីរបស់ Big Hit មានឈ្មោះថា CORTIS ក៏បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយបទចម្រៀង "What You Want" ជាបទចម្រៀងនាំមុខសម្រាប់អាល់ប៊ុមដំបូងរបស់ពួកគេ "COLOR OUTSIDE THE LINES" ដែលនឹងចេញលក់នៅថ្ងៃទី ៨ ខែកញ្ញា។
បទចម្រៀង "What You Want" បានចេញមកជាមួយវីដេអូ Conceptual Performance ចេញផ្សាយនៅលើឆានែល YouTube របស់ HYBE LABELS ។ បទចម្រៀងនេះគឺជាការលាយបញ្ចូលគ្នានៃតន្ត្រីមិនធម្មតាសម្រាប់បទចម្រៀង K-pop ដោយរួមបញ្ចូលគ្នានូវហ្គីតារ៉ុកបែបទសវត្សរ៍ឆ្នាំ ១៩៦០ ជាមួយនឹងចង្វាក់ហ៊ីបហប។
សមាជិកទាំងប្រាំនាក់រួមមាន MARTIN, JUHOON, SEONGHYEON, KEONHO, និង JAMES ក៏បានចូលរួមក្នុងការបង្កើតក្បាច់រាំផងដែរ។ ទំនុកបទចម្រៀងបានបង្ហាញពីភាពក្លាហានក្នុងការស្វែងនូវអ្វីដែលខ្លួនប៉ងប្រាថ្នា មិនថាជាស្នេហា សេរីភាព សុភមង្គល លុយកាក់ ឬសន្តិភាពក្នុងជីវិត។
សមាជិកក្រុមក៏បានបង្ហាញផងដែរថាបទចម្រៀងនេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ក្នុងចំណោមបទចម្រៀង Demo ជាង ៣០០ បទដែលពួកគេបានផលិត។ ដូច្នេះហើយបទនេះពិតជាសំខាន់ខ្លាំងសម្រាប់ពួកគេ ខណៈតំណាងឱ្យចក្ខុវិស័យ ទិសដៅសិល្បៈ និងតន្ត្រីរបស់ក្រុម។
គួរបញ្ជាក់ថា CORTIS គឺជាក្រុមថ្មីដំបូងរបស់ BIGHIT MUSIC ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពោលគឺចាប់តាំងពី TXT បានចេញកាលពីប្រាំមួយឆ្នាំមុន ថែមទាំងមានក្រុមចម្រៀងប្រុសលំដាប់ពិភពលោកដូចជា BTS ជាសិស្សច្បងរួមទ្រនំផងដែរ។
ក្រុមហ៊ុន Big Hit បានកំណត់និយមន័យឈ្មោះ CORTIS ថាជាក្រុម Creator ដែលជំរុញ និងបង្កើតតន្ត្រីរបស់ពួកគេទាំងអស់ដោយខ្លួនឯង និងដោយភាពស្មោះត្រង់ ៕
ប្រែសម្រួល៖ វ៉ាន់ថន