ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥

មុនចេញទៅប្រកួតថ្នាក់អន្តរជាតិ ដេត ស្រីនាឌ សន្យាមិនធ្វើឱ្យទស្សនិកជនខកបំណងដូចឆ្នាំមុន

១៩ សីហា ២០២៥ | កម្សាន្ដ

 

 

ខកខានម្តងជាពីរដង ពេលនេះ កញ្ញា ដេត ស្រីនាឌ  ក្រោយស្ថាប័ន Miss Lakamo Cambodia ផ្តល់ទំនុកចិត្តជ្រើសតាំងនាងជា Miss Charm Cambodia 2025 ដើម្បីចេញពីប្រកួតថ្នាក់អន្តរជាតិ Miss Charm 2025 នៅ វៀតណាម សន្យាមិនឱ្យទស្សនិកជនខកបំណងដូចឆ្នាំមុន។

 

 

ក្រោយឈ្នះមកុដថ្នាក់ជាតិពីកម្មវិធី Miss Lakamo Cambodia 2025 កាលពីពេលថ្មីៗកន្លងទៅ ពេលនេះ កញ្ញា ដេត ស្រីនាឌ ត្រូវបានស្ថាប័នប្រកាសតែងតាំងជា Miss Charm Cambodia 2025 ដើម្បីតំណាងកម្ពុជាទៅប្រកួតកម្មវិធីលំដាប់អន្តរជាតិ Miss Charm 2025 ដែលនឹងប្រារព្ធធ្វើឡើងនៅទឹកដីប្រទេសវៀតណាម នាអំឡុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

 

 

នេះជំហានថ្មីរបស់ កញ្ញា ដេត ស្រីនាឌ សម្រាប់ការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ខណៈដែលកន្លងមក ស្រីនាឌ នៅពុំធ្លាប់ជោគជ័យក្នុងការតំណាងកម្ពុជាលើឆាកអន្តរជាតិនោះឡើយ។ តួយ៉ាង លើកទី១ ក្នុងឆ្នាំ២០១៩ ស្រីនាឌ ខកខានមិនបានតំណាងកម្ពុជាទៅប្រកួតអន្តរជាតិ នៅប្រទេសវេណេហ្សូអេឡា និងលើកទី២ ចុងឆ្នាំ២០២៤ ដែលនាងបានប្រកាសធ្វើពហិការមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយសារកើតមានបញ្ហាចម្រូងចម្រាស់មួយចំនួនក្នុងអំឡុងពេលប្រកួតប្រជែង។

 

 

សម្រាប់ឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិជាលើកទី៣នេះ ស្រីនាឌ ទទួលការអបអសាទរ និងការលើកទឹកចិត្តពីបណ្តាអ្នកគាំទ្រជាហូរហែរ ហើយខ្លួននាងផ្ទាល់ក៏បានឆ្លើយតបទៅអ្នកគាំទ្រតាមរយៈ Comment ថា នាងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព។ 

 

 

ទន្ទឹមជាមួយពាក្យពេចន៍ល្អៗ និងការគាំទ្រ ក៏មានមតិអវិជ្ជមានមួយចំនួនបានរិះគន់មកលើ ស្រីនាឌ ផងដែរ ប៉ុន្តែក្រុមអ្នកគាំទ្របវរកញ្ញារូបនេះនៅតែមានទំនុកចិត្តលើរូបនាង និងជឿជាក់ថា បវរកញ្ញារាងតូចច្រឡឹងនេះនឹងធ្វើបានល្អសម្រាប់ការតំណាងកម្ពុជាលើវេទិកាអន្តរជាតិនៅប្រទេសវៀតណាម ទោះកន្លងមកធ្លាប់មានបញ្ហាច្រើនកើតឡើងក៏ដោយ។

 

 

ក្រឡេកទៅមើលបណ្តាញសង្គមឯណោះវិញ ដេត ស្រីនាឌ បានផលិតវីដេអូថ្មីៗ និងបានបង្ហោះសកម្មភាពថ្មីៗជាហូរហែរ ដែលគេជឿជាក់ថា ជាចំណែកនៃការប្រកួតកម្មវិធីអន្តរជាតិដែលនាងកំពុងត្រៀមចេញទៅប្រកួត។ មិនតែប៉ុណ្ណោះ ស្រីនាឌ ក៏បានផលិតវីដេអូនិយាយពីបញ្ហាសង្គ្រាមដែលបានកើតឡើងមកលើកម្ពុជា និងបានឆ្លៀតធ្វើការងារសង្គម និងការរៃអង្គាសថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ជូនដល់បងប្អូនដែលភៀសសឹកពីជម្លោះតាមបន្ទាត់ព្រំដែនផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025