ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥

សមាជិកដ៏លេចធ្លោម្នាក់របស់ Lacima Cartel អលជ្ជី បញ្ចេញអាល់ប៊ុមទោលផ្ទាល់ខ្លួនក្រោយមានសន្ទុះគាំទ្រខ្លាំងពីអ្នកគាំទ្រ

១៩ សីហា ២០២៥ | កម្សាន្ដ

 

 

ក្រោយមានសន្ទុះគាំទ្រខ្លាំងពីមហាជន អលជ្ជី ដែលជាសមាជិក Lacima Cartel ដ៏លេចធ្លោម្នាក់ផ្ដើមបញ្ចេញអាល់ប៊ុមផ្ទាល់ខ្លួនលើកដំបូងលើទីផ្សារ។ដូចដែលបានសន្យាជាមួយបណ្តាអ្នកគាំទ្រ សមាជិកក្រុមចម្រៀងបុរសកំពុងល្បីឈ្មោះ Lacima Cartel គឺលោក អលជ្ជី (All3rgy) បានទម្លាក់អាល់ប៊ុមចម្រៀងទោលរបស់ខ្លួនលោក កាលពីពេលថ្មីៗនេះ ដោយអាល់ប៊ុមដំបូងរបស់លោកចំណងជើងថា «សញ្ញាសួរ» ឬភាសាអង់គ្លេសហៅថា «Question Mark»។

 

 

 

ក្នុងអាល់ប៊ុមនេះ មានចម្រៀងចំនួន ១០បទ ដែល អលជ្ជី បានលើកយកបទពិសោធន៍នៃរឿងរ៉ាវជាច្រើនដែលអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់ តែមិនហ៊ានចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនមកត្រូវលាតត្រដាង តាមរយៈសំណេរ និងពាក្យពេចន៍នៃចម្រៀង។ 

 

 

ក្នុងអាល់ប៊ុមចម្រៀងទោលនៃទៀតសោត ក្រៅពីបទចម្រៀងដែល អលជ្ជី បកស្រាយម្នាក់ឯង ក៏មានការចូលរួមច្រៀងពីតារាចម្រៀងឯករាជ្យល្បីៗ ដូចជា ស៊ីន សេដ្ឋសុជាតា , តារារ៉េបស្តេចពាក្យចួន ឃីងឈី , តារារ៉េបជំនាន់ថ្មី ទេព ពិសិដ្ឋ , សមាជិកក្រុមក្មេងខ្មែរ កៅ ពន្លឺ និង Meezy24k ជាដើម។

 

 

មនោសញ្ចេតនា អារម្មណ៍ឈឺចាប់ និងបទពិសោធន៍ជីវិតផ្សេងៗ ដែលសិល្បករល្បីដាក់បញ្ចូលក្នុងអាល់ប៊ុម «សញ្ញាសួរ» របស់ អលជ្ជី បង្កើតជារសជាតិថ្មីនៃចម្រៀង ដែលទស្សនិកជនអ្នកគាំទ្រពុំធ្លាប់ឮពីមុនមក។ 

 

 

ទើបទម្លាក់លើទីផ្សារប៉ុន្មានថ្ងៃសោះ ចម្រៀងទាំង ១០បទរបស់ អលជ្ជី ទាក់ចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ដោយគ្រប់គ្នាបានពោលសរសើរពីអត្ថន័យនៃចម្រៀងទាំងនោះមិនដាច់ពីមាត់៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025