ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
តារាសម្ដែងកូនកាត់បារាំងអាមេរិក Timothée Chalamet និងតារាស្រីជើងចាស់ Gwyneth Paltrow ត្រៀមបញ្ចេញស្នាដៃភាពយន្តថ្មីរួមគ្នា "Marty Supreme" ដែលត្រៀមចាក់បញ្ចាំងនៅខែធ្នូខាងមុខនេះ។
តួឯកប្រុសល្បីល្បាញពីភាពយន្តវិទ្យាសាស្ត្រ “Dune” និងភាពយន្ត BL “Call Me by Your Name” គឺតារាសម្តែង Timothée Chalamet (ធីម៉ូធី ឆាឡាមេត) នឹងបញ្ចេញស្នាដៃថ្មីជាមួយតួឯកស្រីជើងចាស់ Gwyneth Paltrow (ក្វេណេត ផាលត្រូ) នៅក្នុងខ្សែភាពយន្តនិយាយពីជីវិតអ្នកកីឡា "Marty Supreme"។
ភាពយន្តថ្មីនេះត្រូវបានកត់សម្គាល់ផងដែរថាជាការវិលត្រឡប់មកសម្ដែងភាពយន្តខ្នាតធំវិញលើកដំបូងរបស់តារាស្រី Gwyneth Paltrow ចាប់តាំងភាពយន្ត "Avengers: Endgame" កាលពីឆ្នាំ២០១៩ ។
ក្រុមហ៊ុន A24 ដែលជាអ្នកផលិតរឿងបានបង្ហាញ Trailer ដំបូងសម្រាប់ខ្សែភាពយន្តនេះកាលពីពេលថ្មីៗ ដោយបានពណ៌នាថាភាពយន្តនេះជារឿងនិទាននៃដំណើរស្វែងរកភាពអស្ចារ្យរបស់យុវជនម្នាក់ បើទោះបីជាមានមតិមិនល្អមកលើគេជុំទិសក៏ដោយ។
សាច់រឿងត្រូវបានបំផុសគំនិតដោយខ្សែជីវិតរបស់ Marty Mauser ដែលមានក្ដីប្រាថ្នាចង់ក្លាយជាកីឡាករវាយកូនបាល់លើតុលំដាប់កំពូលរបស់ពិភពលោក។ យោងតាមសារព័ត៌មាន Deadline Hollywood ភាពយន្តនេះបានចំណាយដើមទុនផលិតអស់ ៧០ លានដុល្លារ ក្លាយជាខ្សែភាពយន្តចំណាយទុនខ្ពស់បំផុតរបស់ A24 ។
ដឹកនាំ និងសហការនិពន្ធដោយលោក Josh Safdie (ចស សេហ្វឌី) ខ្សែភាពយន្តនេះមានការចូលរួមពីសម្ដែងពីសំណាក់តារាល្បីៗផ្សេងទៀតដូចជា Odessa A'zion (អូដេសា អេស៊ាន), Kevin O'Leary (ខេវីន អូលារី) និង Fran Drescher ជាដើម។ ភាពយន្ត "Marty Supreme" គ្រោងនឹងចាក់បញ្ចាំងនៅអាមេរិកខាងជើងក្នុងកំលុងបុណ្យណូអែល គឺថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ វ៉ាន់ថន