ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥

ដូចការសន្យាមិនធ្វើឱ្យទស្សនិកជនខកបំណងមែន! មឿន លីហេង  និង កាវីន ឈ្នះពានរៀងៗខ្លួនពីការប្រកួតនៅ ឥណ្ឌា

២០ សីហា ២០២៥ | កម្សាន្ដ

 

 

ការប្តេជ្ញាចិត្តពិតជាបានសម្រេច ក្រោយប្រឹងប្រែងប្រកួតប្រជែងជាមួយបុរសឯកមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក ទីបំផុត គឺ មឿន លីហេង និង កាវីន បានឈ្នះពានរៀងៗខ្លួនពីការប្រកួតអន្តរជាតិនៅ ឥណ្ឌា។

 

 

ចំណាយពេលប្រកួតប្រមាណ១សប្តាហ៍ក្នុងកម្មវិធីលំដាប់អន្តរជាតិ ២ផ្សេងគ្នានៅទឹកដីប្រទេសឥ ណ្ឌា គឺកម្មវិធី Mister Universe 2025 និងកម្មវិធី Mister Teen Universe 2025 ទីបំផុតបុរសឯកតំណាងកម្ពុជាយើង ២រូប គឺលោក មឿន លីហេង និង លោក ង៉ែត សុវណ្ណនេត ហៅ កាវីន បានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់វិស័យបុរសឯកកម្ពុជា ក្រោយអ្នកទាំងពីរបានឈ្នះជយលាភីពីកម្មវិធីអន្តរជាតិដ៏ធំនេះ។

 

 

ក្នុងនោះ កំលោះសង្ហាមុខមាត់មានមន្តស្នេហ៍ មឿន លីហេង បានឈ្នះជយលាភី Mister Teen Universe 2025 ខណៈដែល កាវីន បានឈ្នះជយលាភី 3rd Runner up ពីកម្មវិធី Mister Universe 2025 ជាមួយពានរង្វាន់ Mister Stylist Icon ថែមទៀតផង។

 

 

ក្រោយឈ្នះជយលាភី Mister Teen Universe 2025 យុវជនវ័យ១៩ឆ្នាំ មឿន លីហេង បានរៀបរាប់ថា លោកមានមោទនភាពដែលបានគ្រងតំណែង Mister Teen Universe 2025។ ភាពជោគជ័យនេះមិនមែនសម្រាប់លោកតែម្នាក់ឯងទេ តែសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយលោកនឹងនាំយកភាពជោគជ័យប្រកបដោយមោទនភាពនេះត្រឡប់មកកម្ពុជាវិញ។ 

 

 

ជាមួយគ្នានោះ កំលោះសង្ហា កាវីន ក៏បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកលោកថា «ខ្ញុំពិតជាមានកិត្តិយស នឹងមោទភាពយ៉ាងខ្លាំងដែលបានយកជ័យជំនះមកកាន់ជាតិមាតុភូមិវិញនៅលើទឹកដីនៃប្រទេសឥណ្ឌា សូមផ្ញើរក្តីនឹករំលឹកពីចម្ងាយជូនមនុស្សជាទីស្រលាញ់របស់ខ្ញុំ»។

 

 

សូមជម្រាបឱ្យដឹងផងដែរថា បន្ទាប់ពីឈ្នះជយលាភីពីកម្មវិធីអន្តរជាតិ កំលោះសង្ហា មឿន លីហេង និង កាវីន បានបង្ហាញខ្លួនក្នុងកម្មវិធីសន្នីសិទសារព័ត៌មាន ដែលរៀបចំឡើងដោយស្ថាប័នអន្តរជាតិនៅប្រទេសឥណ្ឌា មុនពេលអ្នកទាំងពីរធ្វើដំណើរត្រឡប់មកម្ពុជា។

 

 

បណ្តាអ្នកគាំទ្រទាំងអស់អាចតាមដានការ update ថ្មីៗពីកាលវិភាគធ្វើដំណើរត្រឡប់មកមាតុភូមិវិញរបស់បុរសឯកទាំងពីររូប លើទំព័រហ្វេសប៊ុកផ្លូវការ Mister Universe Cambodia៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025