ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

ភាពយន្តថ្មីពីសែស្រលាយ “John Wick” ចេញបញ្ចាំងដោយមានឃាតកស្រីជាតួឯក

០៥ មិថុនា ២០២៥ | កម្សាន្ដ

 

ភាពយន្ត “Ballerina” ដែលជារឿងថ្មីក្នុងសែស្រលាយភាពយន្តឃាតកដៃឆៅ John Wick បានរៀបចំកម្មវិធីសម្ពោធបញ្ចាំងលើកដំបូងកាលពីថ្ងៃទី៤ ខែមិថុនា នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

 

 


តារាសម្ដែងល្បីៗពីភាពយន្ត “John Wick” ថ្មីមានចំណងជើងថា “Ballerina” បានបង្ហាញខ្លួនរួមគ្នាក្នុងពិធីសម្ពោធភាពយន្តនេះនៅហូលីវូដ។“Ballerina” មិនមែនជាវគ្គបន្តរបស់ “John Wick” វគ្គ ៤ នោះទេ ប៉ុន្តែគឺជាភាពយន្ត Spin-off ឬបំបែកសាច់រឿងថ្មីពីសែស្រលាយភាពយន្ត “John Wick” ដោយផ្ដោតលើរឿងរ៉ាវរបស់ឃាតកស្រីជំនាន់ថ្មី សម្ដែងដោយតារាស្រីកូនកាត់គុយបា អេស្ប៉ាញ Ana de Armas។

 

 


ក្នុងនោះ De Armas នឹងសម្ដែងជាតួអង្គឃាតកស្រីឈ្មោះ Eve Macarro ដែលបានចូលប្រឡូកខ្លួនជាឃាតកស៊ីឈ្នួលដើម្បីស្វែងរកការសងសឹកចំពោះការស្លាប់របស់ឪពុកនាង។ ចំណែកតួឃាតកដៃឆៅ John Wick គឺតារាសម្ដែងប្រុស Keanu Reeves ដែលធ្លាប់សម្ដែងជាមួយ Ana de Armas ម្ដងហើយក្នុងភាពយន្តរន្ធត់ 'Knock Knock' កាលពីឆ្នាំ២០១៥ នឹងត្រលប់មកសម្ដែងតួអង្គរបស់ខ្លួនដដែលក្នុងភាពយន្តថ្មីនេះ។

 


អ្នកដឹកនាំរឿង លោក Len Wiseman បាននិយាយថា គោលដៅផ្ទុយគ្នារវាងតួអង្គ Wick ដែលព្យាយាមរត់គេចពីពិភពឃាតក និងតួអង្គ Eve ដែលព្យាយាមចូលក្នុងពិភពនេះ គឺជាវិធីមួយដែលធ្វើឱ្យសាច់រឿងសម្រាប់ភាពយន្ត 'Ballerina' ត្រូវបានបង្កើតឡើង។

 


គួរបញ្ជាក់ថា ភាពយន្តថ្មីនេះក៏មានការចូលរួមសម្ដែងពីសំណាក់សមាជិកក្រុមចម្រៀងនារីកូរ៉េ Girls’ Generation មួយរូបដែរ គឺ Sooyoung ដែលបានសម្ដែងជាតួអង្គម្នាក់ដែលតួឯកស្រី Eve ត្រូវជួយសង្គ្រោះសម្រាប់បេសកកម្មដំបូងរបស់នាង។មានចំណងជើងពេញថា 'From the World of John Wick: Ballerina' ភាពយន្តនេះនឹងចាក់បញ្ចាំងនៅរោងភាពយន្តទូទាំងពិភពលោកចាប់ពីថ្ងៃទី៦ ខែមិថុនានេះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025