ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥

Ariana Grande និង Cynthia Erivo ត្រៀមវិលត្រលប់ក្នុងភាពយន្ត “Wicked” វគ្គ២

០៦ មិថុនា ២០២៥ | កម្សាន្ដ

 ភាពយន្ត “The Wicked” ទើបតែបញ្ចេញវីដេអូផ្សព្វផ្សាយដំបូងសម្រាប់វគ្គថ្មីកាលពីពេលថ្មីៗនេះ ជាមួយការវិលត្រលប់របស់តួឯកស្រីដ៏ល្បីឈ្មោះទាំងពីរគឺ Ariana Grande និង Cynthia Erivo។

 


រយៈពេលជាង ៧ ខែបន្ទាប់ពីភាគដំបូងត្រូវបានចាក់បញ្ចាំង នៅពេលនេះអ្នកគាំទ្រក៏បានទស្សនាវីដេអូ Trailer ដំបូងពីភាពយន្ត “Wicked: For Good” ដែលជាភាគបន្តនិងភាគបញ្ចប់នៃភាពយន្តវេទមន្តមេមត់ “The Wicked” (ដឹ វីកឃីត)។

 


តួឯកស្រីទាំងពីរគឺ Ariana Grande និង Cynthia Erivo នឹងត្រលប់មកសម្ដែងជាតួអង្គ Glinda និង Elphaba វិញសម្រាប់ភាគបញ្ចប់នៃភាពយន្តដែលថតតាមល្ខោនតន្ត្រីដ៏ល្បីមួយនេះ។

 


ភាពយន្តទាំងពីរវគ្គត្រូវបានដឹកនាំដោយផលិតករដើមកំណើតចិនលោក Jon M. Chu និងផ្អែកតាមល្ខោនតន្ត្រីរបស់លោក Stephen Schwartz និងសាច់រឿងដើមគឺសៀវភៅប្រលោមលោកឆ្នាំ ១៩៩៥ ដោយអ្នកនិពន្ធ Gregory Maguire។ សាច់រឿងនិយាយពីរឿងរ៉ាវរបស់មេមត់ស្បែកបៃតង Elphaba ដែលត្រូវបានគេយល់ខុសថាជាសភាវៈអាក្រក់នៅក្នុងប្រលោមលោកកុមារ “The Wizard of Oz”។

 


ឈុតខ្លីៗសម្រាប់ភាពយន្ត "Wicked: For Good" ចាប់ផ្តើមដោយមេមត់ទាំងពីររូបបានឃ្លាតឆ្ងាយពីគ្នា ដោយ Elphaba ត្រូវលាក់ខ្លួនបន្ទាប់ពីប្រឆាំងនឹងតួអង្គ Wizard ខណៈតួអង្គ Glinda ទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាព។

 

 

គួររំឭកថា ភាពយន្ត "Wicked" វគ្គ១ អាចរកចំណូលបាន ៧៥៦ លានដុល្លារទូទាំងពិភពលោក និងបានឈ្នះពានរង្វាន់អូស្ការចំនួនពីរសម្រាប់ការរចនាសំលៀកបំពាក់ និងការរៀបចំឆាក។សម្រាប់ភាពយន្ត "Wicked: For Good" ដែលជាវគ្គថ្មីនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តក្នុងខែវិច្ឆិកាខាងមុខ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025