ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

Baekhyun ក្រុម EXO ជោគជ័យទាំងនៅតារាង Billboard និងការប្រគំតន្ត្រីទោល

០៦ មិថុនា ២០២៥ | កម្សាន្ដ

 

រយៈពេល ១៣ ឆ្នាំបន្ទាប់ពីការបង្ហាញមុខដំបូងក្នុងក្រុម EXO នៅពេលនេះ Baekhyun ក៏បានចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកទោលដំបូងរបស់ខ្លួន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។សមាជិកក្រុមចម្រៀងកូរ៉េ EXO, Baekhyun (បេក យ៉ុន) បានបង្ហាញពីឥទ្ធិពលជាសាកលរបស់ខ្លួនម្តងទៀត ដោយបានជាប់ចំណាត់ថ្នាក់នៅលើតារាង Billboard សំខាន់ៗចំនួន ៤ ជាមួយនឹងអាល់ប៊ុមចុងក្រោយ។

 


យោងតាមក្រុមហ៊ុន INB100 ដែលជាទីភ្នាក់ងាររបស់តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះ បានឱ្យដឹងថាអាល់ប៊ុមខ្នាតតូចទី ៥ របស់ Baekhyun មានចំណងជើងថា "Essence of Reverie" ដែលបានចេញផ្សាយនៅថ្ងៃទី ១៩ ខែឧសភា បានទទួលជោគជ័យគួរឱ្យកត់សម្គាល់នៅលើតារាង Billboard សប្ដាហ៍ចុងក្រោយ ដោយក្នុងនោះលោកបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Emerging Artists ខណៈជាប់លេខ ៤ លើតារាង Top Sales Album, ជាប់លេខ ៣៥ នៅលើតារាង Billboard Artists និងបានបង្ហាញខ្លួននៅតារាង Billboard 200 នៅចំណាត់ថ្នាក់លេខ ១២១ ដែលជាសមិទ្ធផលដ៏លេចធ្លោសម្រាប់សិល្បករទោល K-pop ។

 


នៅថ្ងៃចេញផ្សាយ អាល់ប៊ុមនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes Top Albums ចំនួន ២៤ ប្រទេសនិងតំបន់ ខណៈបទចម្រៀងនាំមុខក្នុងអាល់ប៊ុមមានចំណងជើងថា “Elevator” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs ក្នុង ១៤ ប្រទេសនិងតំបន់។ អាល់ប៊ុមនេះទៀតសោតក៏អាចលក់បានលើស ១ លានច្បាប់ផងដែរ ក្នុងរយៈពេលត្រឹម ៣ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចេញលក់។

 


បន្ថែមពីនេះ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកទោលលើកដំបូងរបស់ Baekhyun មានឈ្មោះថា “Reverie” ក៏កំពុងទទួលបានសន្ទុះគាំទ្រខ្លាំងដូចគ្នា។ តួយ៉ាង ការប្រគំតន្ត្រីទីក្រុង Sao Paulo នៅក្នុងប្រទេសប្រេស៊ីលបានលក់អស់យ៉ាងឆាប់រហ័ស និងជំរុញឱ្យមានការបន្ថែមការសម្ដែងចំនួន១ថ្ងៃទៀត។

 


បច្ចុប្បន្នការប្រគំតន្ត្រីទេសចរណ៍ Reverie មានគម្រោងធ្វើឡើងនៅទីក្រុងចំនួន ២៩ នៅទ្វីបអាមេរិកខាងត្បូង អាមេរិកខាងជើង អឺរ៉ុប អូសេអានី និងអាស៊ី ខណៈការសម្ដែងដំបូងគេនឹងត្រូវរៀបចំឡើងនៅទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ និងអាទិត្យសប្ដាហ៍នេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025