ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
សហភាពអឺរ៉ុប និងកាណាដាបានរៀបចំកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទនៅក្នុងទីក្រុងប៊្រុចសែលនៃប្រទេសបែលហ្ស៊ិក។ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដានេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈភាគីទាំងពីរកំពុងប្រឈមមុខនឹងការគំរាមកំហែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរួមទាំងការគំរាមកំហែងពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងអស្ថិរភាពនៅមជ្ឈិម បូព៌ាផងដែរ។
ជាលទ្ធផល ក្រោយពីកិច្ចប្រជុំកំពូលនេះហើយ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុនឌ័រ ឡេយេន ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អង់តូញ៉ូ ខូស្តា និងនាយករដ្ឋមន្ត្រីកាណាដាលោក ម៉ាក ខានី បានប្រកាសអំពីកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិថ្មីមួយ។ កិច្ចព្រមព្រៀងនេះនឹងផ្ដោតលើការគ្រប់គ្រងវិបត្តិ អ៊ីនធឺណិត សន្តិសុខដែនសមុទ្រនិងអវកាស ការគ្រប់គ្រងអាវុធ និងការគាំទ្រអ៊ុយក្រែនផងដែរ។
ភាពជាដៃគូនេះក៏នឹងបើកផ្លូវសម្រាប់ក្រុមហ៊ុនកាណាដាដើម្បីទទួលបានកម្មវិធីលទ្ធកម្មរួមក្នុងតម្លៃ១៥០ពាន់លានអឺរ៉ូ ប្រហែល១៧២ពាន់លានដុល្លារផងដែរ។ ទន្ទឹមនឹងនេះ លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក កៀ ស្តាម័រ បានប្រកាសអំពីគំនិតផ្តួចផ្តើមនៃផលិតកម្មការពារជាតិរួមគ្នាថ្មីមួយក្នុងពេលលោក ហ្សឺឡិនស្គី បានធ្វើទស្សនកិច្ចមួយភ្លែតទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីវិធីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
លោក ស្តាម័រ បាននិយាយថា ពេលនេះអង់គ្លេសសូមប្រកាសអំពីកិច្ចព្រមព្រៀងសហផលិតភាពយោធាឧស្សាហកម្មជាលើកដំបូងរវាងអ៊ុយក្រែន និងអង់គ្លេសដែលនឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅមុខដើម្បីជួយគាំទ្រដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន