ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

យោធាអ៊ឺរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅប្រទេសកាតា

២៤ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

យោធាអ៊ឺរ៉ង់​បានប្រកាសថា អ៊ឺរ៉ង់បានបើកការវាយប្រហារដោយប្រើមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកAl Udeid នៅប្រទេសកាតានៅថ្ងៃច័ន្ទ។ ការប្រកាសនេះបានធ្វើឡើង ក្រោយសម្លេងផ្ទុះគ្រាប់ជាច្រើនបានលាន់លឺឡើងនៅទូទាំងទីក្រុងដូហា ប្រទេសកាតា។ 

 

 

ជាមួយគ្នា សារព័ត៌មានរដ្ឋអ៊ឺរ៉ង់ បានបង្ហាញវីដេអូមួយនៅថ្ងៃច័ន្ទ(២៣មិថុនា) អះអាងថាជាមីស៊ីលបាញ់ដោយកងឆ្មាំបដិវត្តអ៊ីស្លាមទៅលើមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសកាតា។

 

ប្រទេសអ៊ឺរ៉ង់បើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអាមេរិក នៅប្រទេសកាតា ជាការតបតទៅវិញ ក្រោយអាមេរិកបើកការវាយប្រហារដែនអាកាសកំទេចទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ឺរ៉ង់៣កន្លែង។

 

យោធាអ៊ឺរ៉ង់ អះអាងថា ការវាយប្រហារមានកម្លាំងខ្លាំងនិងមានកម្រិតបំផ្លិចបំផ្លាញខ្លាំង ប៉ុន្តែមន្ត្រីអាមេរិក និយាយថា មិនមានយោធាអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសឡើយ សម្រាប់ការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសនេះ។ មូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា ជាមូលដ្ឋានទ័ពអាមេរិកធំបំផុតប្រចាំនៅតំបន់មជ្ឈឹមបូព៌ា។ 

 

នៅមុនការវាយប្រហារនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលមានលោកDonald Trumpជាប្រធានាធិបតី បានព្រមានអ៊ឺរ៉ង់មិនឱ្យមានការតបតណាមួយ ក្រោយអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ឺរ៉ង់ បើមិនដូច្នោះទេអាមេរិកនឹងបើកការវាយប្រហារលើប្រទេសអ៊ឺរ៉ង់កាន់តែធ្ងន់លើសដើម។ 

 

 

 

សម្លេងផ្ទុះគ្រាប់លាន់លឺឡើងនៅទូទាំងទីក្រុងដូហា ប្រទេសកាតា ខណៈមីស៊ីលហោះកាត់ពេញផ្ទៃមេឃពេលយប់ងងឹត។ យោងសារព័ត៌មានរ៉យទ័រនៅថ្ងៃច័ន្ទ(២៣មិថុនា)។ 

 

ជាមួយគ្នា អាជ្ញាធរប្រទេសកាតា បានឱ្យដឹងថា មិនមានមនុស្សរងរបួសឬស្លាប់នៅក្នុងការវាយប្រហារឡើយ។ ប្រទេសកាតាក៏បានថ្កោលទោសចំពោះការវាយប្រហារនេះផងដែរនិងនិយាយថា កាតារក្សាសិទ្ធិឆ្លើយតប។ 

 

 

ងាកទៅប្រជាជនអ៊ឺរ៉ង់វិញ, ពួកគេ គាំទ្រ ការវាយប្រហាររបស់យោធាអ៊ឺរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា។   ពួកគេនាំគ្នាចេញមកតាមដងផ្លូវអបអរសាទរ ដែលយោធាវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក Al Udeid។

 

ប្រជាជនអ៊ឺរ៉ង់លោកស្រី Farsi បាននិយាយថា «យើង​នឹង​ស្លាប់ ប៉ុន្តែ​យើង​នឹង​មិន​ទទួល​យក​ការ​អាម៉ាស់​ឡើយ។ យើងឈរនៅទីនេះ — យើងមិនខ្លាចការទម្លាក់គ្រាប់បែក មីស៊ីល ឬអ្វីផ្សេងទៀតទេ។ យើងកំពុងការពារទឹកដីរបស់យើងគឺប្រទេសអ៊ីរ៉ង់។ ខ្ញុំនិយាយនៅទីនេះឥឡូវនេះ៖ អ្នកវាយយើង យើងនឹងវាយអ្នកវិញ  ម្តងហើយម្តងទៀត  រហូតដល់អ្នកយល់ថា៖ នេះគឺជាប្រទេសអ៊ីរ៉ង់ ទឹកដីនៃតោ!»។
 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025