ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
សម្តេចមហាបវរធីបតី បានអំពាវនាវដល់អាជីវករលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុក។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុកខ្លួនឯង ពោលត្រូវរួមគ្នា សាមគ្គីគ្នា បន្ទាប់ពីកម្ពុជាមានការប្រមាថនិងគំរាមគំហែងពីភាគីយោធាថៃ ខណៈសម្តេចមហាបវរធីបតី មានការជឿជាក់ថា អាជីវករខ្មែរមិនតម្លើងថ្លៃទំនិញនៅពេលនេះឡើយ។
ក្នុងឱកាសនោះ សម្តេចមហាបវរធីបតី ក៏បានស្នើដល់ក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យមុខទំនិញ ការចែកចាយទំនិញនៅតាមទីផ្សារ ទាំងគុណភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងតម្លៃលក់ដូរទំនិញលើទីផ្សារ សំដៅបញ្ចៀសការឆ្លៀតឱកាសលួចតម្លើងថ្លៃមុខទំនិញមួយចំនួនផ្សេងៗ បន្ទាប់ពីការផ្ដាច់ទំនិញមួយចំនួនមិនឲ្យថៃនាំចូលមកកម្ពុជា មានដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ ត្រូវបានកាត់ផ្ដាច់ចោលទាំងស្រុង មិនឲ្យនាំចូលពីប្រទេសថៃឡើយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះឡើយ ពោល បើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារ។ ក្រសួង នឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីធ្វើការពង្រឹងលើមុខទំនិញយុទ្ធសាស្រ្ត ក្នុងនោះ ក៏មានការសម្របសម្រួលរបស់មន្ទីរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីសម្រួលឱ្យមានលំហូរទំនិញទៅកាន់ទីផ្សារ និងការអន្តរាគមន៍លើថ្លៃទំនិញផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់កសិផល និងទំនិញផលិតក្នុងស្រុក ហើយជៀសវាងការដំឡើងថ្លៃណាមួយនៅក្នុងស្ថានភាព ដែលប្រទេសជាតិ កំពុងមានបញ្ហាប្រឈម។ សូមជម្រាបថា យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៥ខែ (ខែមករា-ឧសភា) កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្ម រួមគ្នាមានចំនួន ១ ៨៧៩លានដុល្លារអាម៉េរិក។ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានកំណើន ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី