ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ក្រុមហ៊ុន Toyota Motor របស់ប្រទេសជប៉ុន បានសម្រេចដំឡើងថ្លៃរថយន្តជាមធ្យម ២៧០ដុល្លារ ចាប់ពីខែកក្កដា សម្រាប់រថយន្តដែលដាក់លក់នៅក្នុង សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ក្រុមហ៊ុន Toyota Motor បានសម្រេចដំឡើងថ្លៃរថយន្ត បន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥% លើរថយន្ត និងគ្រឿងបន្លាស់ដែលបាននាំចូល។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Toyota បានបដិសេធមិនបកស្រាយថា ពន្ធគយនេះគឺពិតជាមានឥទ្ធិពលដោយផ្ទាល់ទៅលើ ការកើនឡើងនៃតម្លៃរថយន្ត។អ្នកនាំពាក្យក្រុមហ៊ុន Toyota បានបន្តថា ការដំឡើងតម្លៃចុងក្រោយបំផុត គឺជាផ្នែកមួយនៃការត្រួតពិនិត្យជាប្រចាំរបស់ក្រុមហ៊ុន អំពីតម្លៃ។ចំពោះ តម្លៃរថយន្ត Lexus ដែលជាម៉ាកយីហោប្រណីតរបស់ Toyota ក៏នឹងកើនឡើងជាមធ្យម ២០៨ ដុល្លារផងដែរ។
ការដំឡើងតម្លៃនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសស្រដៀងគ្នាពី ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយផ្សេងទៀតគឺក្រុមហ៊ុន Mitsubishi Motors Corp ដែលថ្មីៗនេះ បានបង្ហាញពី ការកើនឡើងតម្លៃសម្រាប់ម៉ូដែលចំនួន ៣ ដែលដាក់លក់នៅសហរដ្ឋអាមេរិក ដោយលើកឡើងពីការកែសម្រួលតម្លៃស្តង់ដារ ដោយផ្អែកលើ ការគណនាអតិផរណា។
គួរជម្រាបថា ទីផ្សារអាមេរិកសម្រាប់រថយន្តជប៉ុន ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល ហើយកំពុងប្រឈមមុខនឹង ផលប៉ះពាល់នៃវិធានការពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់ពន្ធ ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលចូលជាធរមានរួចហើយ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ