ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ការប៉ះទង្គិចដែលកើតឡើងរយៈពេល១២ថ្ងៃកន្លងមកនេះ រវាងប្រទេសអ៊ឺរ៉ង់ និងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានបញ្ចប់ជាផ្លូវការនៅថ្ងៃ២៤មិថុនា ហើយភាគីសង្គ្រាមទាំង២ បានប្រកាសពីតួលេខមនុស្សស្លាប់។
លោក Hossein Kermanpour ប្រធានទំនាក់ទំនងសាធារណៈក្រសួងសុខាភិបាលអ៊ឺរ៉ង់ ឱ្យដឹងនៅថ្ងៃអង្គារ តាមរយៈបណ្តាញសង្គមអនឡាញថា ការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលនៅទូទាំងប្រទេសអ៊ឺរ៉ង់ ចាប់តាំងពីថ្ងៃ១៣មិថុនា បានសម្លាប់មនុស្ស៦១០នាក់ស្លាប់ និង៤៧៤៦នាក់រងរបួស។
ស្របគ្នា វិទ្យុយោធាអ៊ីស្រាអ៊ែល បានរាយការណ៍ថា អ៊ឺរ៉ង់ បើកការវាយប្រហារបាញ់មីស៊ីលបលីស្ទីកពី៥០០គ្រាប់ទៅ៥៥០គ្រាប់ និងដ្រូនច្រើនជាង១០០០គ្រឿង អំឡុងពេលប៉ះទង្គិច សម្លាប់មនុស្ស២៨នាក់នៅអ៊ីស្រាអ៊ែល និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ការថ្លែងសារជាសាធារណៈទៅកាន់ប្រជាជាតិនៅថ្ងៃអង្គាររបស់លោកប្រធានាធិបតីអ៊ឺរ៉ង់ Masoud Pezeshkian បានប្រកាសថា ការប៉ះទង្គិចបង្កឡើងពីប្រទេសអ៊ីស្រាអ៊ែលត្រូវបានបញ្ចប់ហើយនាពេលឥឡូវនេះ និងបានអំពាវនាវឱ្យបណ្តាស្ថាប័នរដ្ឋាភិបាល ងាកទៅរកការស្តារប្រទេសឡើងវិញជាបន្ទាន់។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកAnwar Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃអង្គារដដែល លោកប្រធានាធិបតីអ៊ឺរ៉ង់ Masoud Pezeshkian បញ្ជាក់ថា អ៊ឺរ៉ង់នឹងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដរាបណាអ៊ីស្រាអ៊ែលគោរពដូចគ្នា ។ នៅពេលជាមួយគ្នាអ៊ឺរ៉ង់ បានបញ្ជាក់ពីឆន្ទះរបស់ប្រទេសអ៊ឺរ៉ង់ ក្នុងការវិលទៅរកតុចរចារ និងការពារសិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ឺរ៉ង់។
ប្រែសម្រួល៖ណាវ័ន្ត