ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

កិច្ចប្រជុំកំពូលណាតូបានចាប់ផ្ដើមនៅទីក្រុងឡាអេដោយមានការយាមកាមសន្តិសុខតឹងរ៉ឹងបំផុត

២៥ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអង្គការណាតូឆ្នាំ២០២៥បានបើកដំណើរការហើយនៅទីក្រុងឡាអេប្រទេសហូឡង់កាលពីថ្ងៃអង្គារដោយមានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ខណៈមេដឹកនាំពិភពលោកចំនួន៣២រូបរួមទាំងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ផងបានចូលរួមក្នុងកិច្ចប្រជុំនេះសម្រាប់ពេលពីរថ្ងៃដើម្បីពិភាក្សាអំពីការការពារ និងសន្តិសុខពិភពលោក។

 

 

 

កងកម្លាំងប៉ូលិសប្រហែលជិត៣ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅជុំវិញកន្លែងកិច្ចប្រជុំកំពូលនេះ ខណៈដែលដែនអាកាសចម្ងាយ១៦គីឡូម៉ែត្រនៅជុំវិញកន្លែងប្រជុំនេះត្រូវបានបិទសម្រាប់ការហោះហើរស៊ីវិល ហើយកងទ័ពជាង១ម៉ឺននាក់ក៏ត្រូវបានដាក់ពង្រាយអមដោយប្រព័ន្ធការពារ យន្តហោះចម្បាំង និងនាវាចម្បាំងដើម្បីផ្ដល់ជំនួយដល់កងកម្លាំងប៉ូលិសផងដែរ។ ចរាចរណ៍ផ្លូវសមុទ្រត្រូវបានរឹតបន្តឹងនៅតាមឆ្នេរសមុទ្រខាងជើងក្បែរកិច្ចប្រជុំនេះ ហើយការបង្ហោះយន្តហោះដ្រូនត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅក្បែរកន្លែងប្រជុំនេះ។

 

 

 

 

វិធានការទាំងនេះបានបង្កការរំខានដល់ប្រជាជនយ៉ាងខ្លាំងរួមមានការបិទផ្លូវ ការធ្វើចរាចរណ៍ផ្លូវសាធារណៈ និងការពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខផងដែរ។ ទន្ទឹមនេះដែរ ក្រុមសកម្មជនប្រហែល១៥០នាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងឡាអេដើម្បីតវ៉ាប្រឆាំងនឹងកិច្ចប្រជុំនេះ ប៉ុន្តែប៉ូលិសមិនបានរំខានពួកគេទេដោយគ្រាន់តែឈរប្រចាំការនៅទីនោះតែប៉ុណ្ណោះ។ អ្នករៀបចំការតវ៉ានេះគឺអ្នកស្រី អេនជែលីក អេចពី (Angelique Eijpe) បានលើកឡើងថា លោកស្រីជឿថា ប្រទេសណាតូគឺជាអ្នកពាក់ព័ន្ធ និងគាំទ្រការប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025