ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

លោក ត្រាំ និយាយថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងផ្ទុះឡើងជាថ្មីក្នុងពេលឆាប់ៗនេះ

២៦ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីកិច្ចប្រជុំអង្គការណាតូនៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃពុធ លោក ត្រាំ និយាយថា ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់បានអស់កម្លាំង និងហត់នឿយរៀងៗខ្លួនក្រោយពីបានប្រយុទ្ធគ្នាជាង១០ថ្ងៃ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ប្រទេសទាំងពីរអាចចាប់ផ្តើមប្រយុទ្ធគ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ។

 

 

លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកគ្រោងនឹងជួបពិភាក្សាជាមួយនឹងអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ បន្ទាប់ពីការចរចាររវាងប្រទេសទាំងពីរមិនបានជោគជ័យដែលបង្ខំឱ្យអាម៉េរិកវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួន៣របស់អ៊ីរ៉ង់កាលពីថ្ងៃចុងសប្ដាហ៍មុន។ គួររំលឹកដែរថា ក្រុមមេដឹកនាំអង្គការណាតូកាលពីថ្ងៃពុធបានគាំទ្រការបង្កើនចំណាយដ៏ច្រើនលើវិស័យការពារជាតិតាមការទាមទាររបស់លោក ត្រាំ និងបានប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមកពីការវាយប្រហាររបស់សត្រូវនាពេលអនាគត។

 

 

ក្រុមមេដឹកនាំអង្គការណាតូបានគាំទ្រដល់គោលដៅចំណាយលើវិស័យការពារជាតិឡើងដល់៥%នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០៣៥ដើម្បីជាការឆ្លើយតបមិនត្រឹមតែចំពោះលោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការភ័យខ្លាចរបស់អឺរ៉ុបដែលថារុស្ស៊ីបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខរបស់ពួកគេបន្ទាប់ពីការលុកលុយលើអ៊ុយក្រែននៅឆ្នាំ២០២២ផងដែរ។

 

 

ទន្ទឹមនឹងនេះលោក ត្រាំ នឹងពិចារណាផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលការពារដែនអាកាសប្រភេទផេទ្រាតបន្ថែមទៀតដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ីក្រោយពីមានជំនួបទ្វេភាគីជាមួយនឹងសមភាគីអ៊ុយក្រែនកាលពីថ្ងៃពុធ។ លោក ត្រាំ បានបន្ថែមថា លោកគ្រោងនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចង់ដឹងថាតើការបញ្ចប់ជម្លោះអាចទៅរួចដែរឬទេ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025