ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥

ចូលរោងការសប្តាហ៍ក្រោយ រ៉ាប៊ី និងកីឡាករ Nick Taylor ប្រឹងចេញថតនិងកើបលុយរាល់ថ្ងៃ !  

០២ ឧសភា ២០២៥ | កម្សាន្ដ

 

 

តារាចម្រៀងសិចស៊ីកញ្ញា រ៉ាប៊ី នឹងចូលរោងការជាមួយកីឡករបាល់ទាត់កូនកាត់ខ្មែរ អាមេរិក Nick Taylor នៅសប្តាហ៍ក្រោយហើយ តែមុនបញ្ចប់ភាពនៅលីវពួកគេ នៅតែប្រឹងកើបលុយតាមរយៈការទទួលការងារផ្សេងៗ ។

 

 

 

កញ្ញា រ៉ាប៊ី នឹងដឹកដៃលោក Nick Taylor ដែលជាកីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ ចូលរោងការនៅថ្ងៃទី ០៩ខែ ឧសភា សប្តាហ៍ក្រោយនេះហើយ ។បើទោះបីជាពេលនេះនាងមមាញឹកនៅក្នុងការដើរចែកធៀបការអញ្ជើញមិត្តសិល្បៈចូលរួមក៏ពិតមែន នាងនៅតែទទួលការងាររាល់ថ្ងៃទាំងថតផ្សាយពាណិជ្ជកម្មនិងថតម៉ូដជាដើម...។

 


គ្រាន់តែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់ភ្លាម កញ្ញា រ៉ាប៊ី បានប្រកាសចូលរោងការជាផ្លូវការជាមួយលោក Nick Taylor ភ្លែត បន្ទាប់ពីគូស្នេហ៍ បានសុំនាងរៀបការកាលពីអំឡុងខែ មីនា កន្លងមកនេះ ។ 

 

 

បើតាមគម្រោងមង្គលការរបស់តារាចម្រៀងសិចស៊ី រ៉ាប៊ី នឹងរៀបចំឡើងយ៉ាងធំដុំទៅតាមប្រពៃណីខ្មែរ ដោយបានអញ្ជើញមិត្តសិល្បករ និង មិត្តភក្តិមកពីបណ្តាប្រទេសផ្សេងៗជាច្រើនចូលរួមអបអរសាទរ ពីព្រោះគូស្នេហ៍របស់នាងគឺជាអ្នករស់នៅ សហរដ្ឋអាមេរិក ដែលមានមិត្តភក្តិច្រើននៅទីនោះ​ ។

 


ថ្វីដ្បិតតែមិនបានបញ្ជាក់ច្បាស់អំពីការចំណាយក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួនតែកញ្ញា រ៉ាប៊ី បានបង្ហើបប្រាប់ថា គឺអស់ច្រើនគួរសម សមទៅតាមកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់នាង ។ 

 

 

មុននឹងបញ្ចប់ជីវិតនៅលីវ តារាចម្រៀង រ៉ាប៊ី បានដឹកដៃអនាគតស្វាមីរបស់ខ្លួនចេញកើបលុយតាមរយៈការចេញថតផ្សាយផលិតផល និង ថតម៉ូដជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះអ្នកទាំងពីរបានដឹកដៃគ្នាថតផលិតផលឱ្យក្រុមហ៊ុនធំមួយដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ។ រ៉ាប៊ី ថា ឱ្យតែបានលុយនាងធ្វើការងារដល់ថ្ងៃចូលរោង ។

 

 

កញ្ញា រ៉ាប៊ី ពិតជារីករាយក្នុងការត្រៀមខ្លួនធ្វើជាកូនក្រមុំ ដោយនាងបាននិយាយទៅកាន់មិត្តភក្តិនិងអ្នកនៅជុំវិញខ្លួនថា នាងជិតបានប្តីហើយ នាងរំពឹងថាជីវិតគូរបស់ខ្លួននឹងពោរពេញដោយសុភមង្គល បន្ទាប់ពីលោក Nick Taylor បានផ្តល់តម្លៃនិងផ្តល់ភាពកក់ក្តៅគ្រប់បែបយ៉ាងដល់រូបនាងនិងក្រុមគ្រួសារ ។ បន្ទាប់ពីរៀបការនៅស្រុកខ្មែររួច កញ្ញា រ៉ាប៊ី និងលោក Nick Taylor មានគម្រោងនឹងចេញទៅរៀបចំពិធីមង្គលការរបស់ខ្លួនជាបន្តទៀតនៅ សហរដ្ឋអាមេរិក ពីព្រោះក្រុមគ្រួសារនិងសាច់ញាតិរបស់លោក Nick Taylor ច្រើននៅទីនោះ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025