ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

ប្រាសាទ ដាវីន និងអ្នកគ្រប់គ្រងថ្នាក់ជាតិ ថាមិនមានការលក់មកុដការប្រកួត MUC 2025 ដាច់ខាត!

២៨ មេសា ២០២៥ | កម្សាន្ដ

ក្រោយប្រកាសបើកទទួលពាក្យសម្រាប់បេក្ខនារីដាក់ពាក្យប្រកួត ពេលនេះ Miss Universe Cambodia 2025 ប្រកាសត្រៀមបើកសមភូមិប្រកួតហើយ ដោយអ្នកគ្រប់គ្រងថ្នាក់ជាតិ និង អ្នកនាង ប្រាសាទ ដាវីន ធានាអះអាងថា នឹងមិនមានការលក់មកុដក្នុងការប្រកួត MUC 2025 ដាច់ខាត។

 

 

 

នេះជាការលើកឡើងរបស់ លោក ឈួង យីវឆូយ អ្នកគ្រប់គ្រងថ្នាក់ជាតិនៃកម្មវិធី Miss Universe Cambodia 2025 កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងពិធីសន្និសីទសារព័ត៌មានជាផ្លូវការណ៍អំពីដំណើរការប្រកួតនៃកម្មវិធី ដែលនឹងរៀបចំឡើងនៅអំឡុងខែឧសភាដល់ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

 

 

អ្នកគ្រប់គ្រងថ្នាក់ជាតិខាងលើឱ្យដឹងថា ឆ្នាំនេះស្ថាប័នទទួលបានពាក្យសុំចូលប្រកួតច្រើន ប៉ុន្តែស្ថាប័ននឹងចម្រាញ់យកបេក្ខនារីជើងខ្លាំងត្រឹមតែ ២០រូបប៉ុណ្ណោះសម្រាប់ការប្រកួតថ្នាក់ជាតិ។ ការប្រកួតឆ្នាំនេះ នឹងប្រព្រឹត្តឡើងដោយសុក្រិតបំផុតតាមលំដាប់លំដោយដែលបានកំណត់ទុក សូម្បីតែអ្នកនាង ប្រាសាទ ដាវីន ក៏គ្មានសិទ្ធិលូកដៃអ្វី ក្រៅពីផ្តល់ការណែនាំដល់បេក្ខភាពនោះឡើយ។

 

 

ក្នុងនោះផងដែរ ស្ថាប័នក៏នឹងមានផ្តល់ការហ្វឹកហាត់ផ្សេងៗ ការចុះទស្សនកិច្ច និងកញ្ចប់ថវិកាសម្រាប់គម្រោងកម្មវិធីសប្បុរសធម៌ទៀតផង។ ដូច្នេះ សម្រាប់បងប្អូនស្រ្តីដែលមានចង់ក្លាយជាម្ចាស់ស្រីនៃចក្កវាឡកម្ពុជាឆ្នាំ២០២៥ អាចមកដាក់ពាក្យប្រកួតប្រជែងដើម្បីក្តីស្រមៃខ្លួនឯង។ 

 

 

 

បន្ថែមពីលើការធានាសុកិត្រភាព និងភាពជឿជាក់ក្នុងការចម្រាញ់យកបេក្ខភាពដ៏មានគុណភាព អ្នកគ្រប់គ្រងថ្នាក់ជាតិដ៏មានសក្កានុពល លោក ឈួង យីវឆូយ ក៏បានបញ្ជាក់ថា ស្ថាប័នគ្មានការព្រួយបារម្ភដែលថៃជាម្ចាស់ផ្ទះរៀបចំការប្រកួត និងមានម្ចាស់ភាគហ៊ុនគ្រប់គ្រង Miss Universe នោះទេ ផ្ទុយទៅវិញគឺលោកជឿជាក់លើស្តង់ដារនៃកម្មវិធី Miss Universe ទោះស្ថាប័នស្នូលមានការផ្លាស់ប្តូរ ក៏ការប្រកួតនៅតែដំណើរការទៅដដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025