ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

IU ជាប់លេខ១ ក្នុងបញ្ជីបុគ្គលល្បីដែលមានឥទ្ធិពលខ្លាំងបំផុតនៅកូរ៉េខាងត្បូង

០៣ ឧសភា ២០២៥ | កម្សាន្ដ

 

តារាចម្រៀងនិងសម្ដែង IU បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជី Power Celebrity 2025 របស់ទស្សនាវដ្ដី Forbes Korea ជាមួយទ្រព្យសម្បត្តិសរុបជាង ២២ លានដុល្លារ។

 


តារាចម្រៀងរូបស្រស់ IU បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីបុគ្គលល្បីមានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូងប្រចាំឆ្នាំ២០២៥ ដោយទស្សនាវដ្ដី Forbes ដោយក្នុងបញ្ជីនេះរួមមានទាំងសិល្បករទោល ក្រុមចម្រៀងបុរសនិងនារី កីឡាករបាល់ទាត់ ពិធីករ កីឡាករ E-sport និងបុគ្គលល្បីៗជាច្រើនទៀត។

 


ទស្សនាវដ្ដីពាណិជ្ជកម្មដ៏ល្បីមួយនេះបានបញ្ជាក់ថា IU ជាសិល្បករដែលបានបង្ហាញខ្លួនដំបូងនៅអាយុ ១៥ ឆ្នាំក្នុងឆ្នាំ ២០០៨ ហើយបច្ចុប្បន្ននាងគឺជាតារាចម្រៀង និងតារាសម្ដែងដ៏ល្បីល្បាញម្នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េទាំងពីមុខឆាក និងពីក្រោយឆាក មិនថាជាការច្រៀង និពន្ធចម្រៀង ផលិតចម្រៀង រហូតដល់ការសម្តែង។

 


អស់រយៈពេលជាច្រើនឆ្នាំមកនេះ បទចម្រៀងរបស់ IU បានទទួលជោគជ័យនៅលើតារាងតន្ត្រីជាច្រើន ខណៈការប្រគំតន្ត្រីរបស់នាងក្នុងប្រទេសកូរ៉េខាងត្បូងនៅឯពហុកីឡដ្ឋាន Seoul World Cup ដែលផ្ទុកអ្នកទស្សនាបាន ៤៥០០០ នាក់ក្នុងឆ្នាំ ២០២៤ ក៏ទទួលបានការឆ្លើយតបវិជ្ជមានយ៉ាងលើសលប់ផងដែរ។ នៅដើមឆ្នាំ ២០២៥ នេះ នាងបានទទួលការកោតសរសើរខ្លាំងម្ដងទៀតចំពោះការសម្តែងនៅក្នុងរឿងភាគរបស់ Netflix មានចំណងជើងថា When Life Gives You Tangerines ។

 


ទស្សនាវដ្ដី Forbes Korea ក៏បានបញ្ជាក់ផងដែរថា ប្រាក់ចំណូលសរុបរបស់ IU នៅខណៈដែលពួកគប្រមូលទិន្នន័យគឺមានចំនួនខ្ពស់រហូតដល់ ៣២ ពាន់លានវ៉ុន ឬស្មើនឹង ២២ លានដុល្លារអាមេរិក ដោយប្រាក់ចំណូលទាំងនេះបានមកពីការងារចម្រៀង ការសម្តែង ការប្រគំតន្ត្រី និងការផ្សាយពាណិជ្ជកម្មជាច្រើន។

 

 

មិនតែប៉ុណ្ណោះ តារាស្រីវ័យ ៣១ឆ្នាំរូបនេះក៏ទទួលបានពិន្ទុខ្ពស់លើគ្រប់ផ្នែក ទាំងចំណាត់ថ្នាក់លើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីទូរទស្សន៍ និងកម្មវិធីពានរង្វាន់ផ្សេងៗទៀត ទើបធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីនេះ ៕
 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025