ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
មិនបិទឱកាសខ្លួនឯងទេ ម៉ាច ដាវី ប្រកាសថា នាងអាចនឹងវិលមកអង្រួនវិស័យបវរកញ្ញាម្តងទៀតពេលត្រៀមខ្លួនបានល្អជាងនេះ ប៉ុន្តែពេលនេះសុំបំពេញក្តីស្រមៃធំមួយទៀតសិន។
អតីតម្ចាស់ជយលាភីតំណាងខេត្តរតនៈគិរី កញ្ញា ម៉ាច ដាវី ថ្មីៗនេះបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតរ៉ូបពណ៌សរ ក្នុងកម្មវិធី Press Conference Miss Universe Cambodia 2025 ក្នុងនាមជាភ្ញៀវកិត្តិយស មិនមែនបេក្ខភាពត្រៀមប្រកួតនោះឡើយ។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដាវី ថា នាងសប្បាយចិត្តពេលឃើញវិស័យបវរកញ្ញាមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ដោយសារក្តីស្រមៃធំក្នុងការតំណាងកម្ពុជាលើឆាកអន្តរជាតិមិនទាន់បានសម្រេច បវរកញ្ញារូបនេះនៅតែចិញ្ចឹមចិត្ត និងមានមហិច្ឆិតាចង់ត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀត នៅពេលនាងត្រៀមខ្លួនបានល្អប្រសើរជាងនេះ។
ស្រីស្អាត ម៉ាច ដាវី ថា នាងគ្មានគម្រោងវិលមកប្រកួតក្នុងឆ្នាំនេះឡើយ ព្រោះចង់ទុកពេលពង្រឹងអាជីវកម្មផ្ទាល់ខ្លួនឱ្យរលូនសិន។ ដាវី បញ្ជាក់ថា ប្រសិនបើនាងមិនអាចវិលមកប្រកួតវិញតាមការគ្រោងទុក ក៏នាងនៅតែជួយជ្រោមជ្រែងវិស័យបវរកញ្ញាតាមមធ្យោបាយផ្សេង ដើម្បីឱ្យវិស័យនេះមានភាពរីកចម្រើនឆ្ពោះទៅមុខ។
ទោះបីជា ម៉ាច ដាវី មិនទាន់មានផែនការច្បាស់លាស់ក្នុងការវិលមកប្រកួតវិញ ក៏នាងនៅតែមានសកម្មភាព និងរូបភាពថ្មីៗជាប្រចាំសម្រាប់ធ្វើបច្ចុប្បន្នភាព មិនឱ្យអ្នកគាំទ្រភ្លេចមុខនោះឡើយ។
ដោយឡែក ការងារសិល្បៈផ្សេងៗ ដាវី មិនសូវទទួលធ្វើដូចពីមុនឡើយ ដោយនាងយកពេលទៅផ្តោតលើអាជីវកម្មឱ្យមានលំនឹងជាមុនសិន ហើយបើសិនជាអាចនាងនឹងទទួលថតភាពយន្តឡើងវិញនៅឆ្នាំ២០២៦ខាងមុខ ខណៈស្នាដៃភាពយន្តចុងក្រោយដែលនាងបានចូលរួមសម្តែង ទើបបញ្ចប់ការថតកាលពីចុងឆ្នាំ២០២៤កន្លងទៅ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ភីអិនអិន