ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

 «ស៊ីក្លូ» បទចម្រៀងបែបថ្មីបង្ហាញជីវិតអ្នកធាក់ស៊ីក្លូក្នុងយុគសម័យឌីជីថល និងបរិបថកូវីដ១៩

១៩ កក្កដា ២០២១ | កម្សាន្ដ

ថ្មីៗនេះ អ្នកចម្រៀងរ៉េប សាំង សុខសេរី និងសិល្បករល្ខោនខោល សយ ច័ន្ទបូរី បានចាប់ដៃគ្នាជាលើកដំបូងផលិតបទចម្រៀងថ្មីមួយចំណងជើង «ស៊ីក្លូ» ដែលបទនេះនឹងបង្ហាញឲ្យឃើញជីវិតអ្នកធាក់ស៊ីក្លូក្នុងយុគសម័យឌីជីថល និងបរិបថកូវីដ១៩។

 

អ្នកចម្រៀងរ៉េប សាំង សុខសេរី ថ្មីៗនេះ បានកំពុងចាប់ដៃសហការជាមួយសិល្បករល្ខោនខោល សយ ច័ន្ទបូរី ផលិតបទចម្រៀងថ្មីមួយចំណងជើងថា «ស៊ីក្លូ» ដែលបទនេះនឹងបង្ហាញពីជីវិត និងផលលំបាករបស់អ្នកធាក់ស៊ីក្លូក្នុងយុគសម័យឌីជីថល និងបរិបថកូវីដ១៩ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា។

 

អ្នកចម្រៀងរ៉េប សាំង សុខសេរី លើកឡើងថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសផលិតចម្រៀងជាមួយពួកគាត់(អ្នកធាក់ស៊ីក្លូ) មកពីខ្ញុំមើលឃើញថា សម័យឥលូវគេនិយមជិះតុៗជិះ app និងជិះ texi ហើយស៊ីក្លូវិញបាត់ទៅម្ដងបន្តិចៗ ពួកគាត់មានការលំបាកក្នុងការរកប្រាក់កំរៃចិញ្ចឹមខ្លួននិងគ្រួសារ ហើយស៊ីក្លូភាគច្រើនជាមនុស្សចាស់។

 

 

លើសពីនេះ ចាប់តាំងពីមានការរីករាលដាលជំងឺកូវីតទៀតពួកគាត់បាត់បង់ចំណូលចិញ្ចឹមជីវិត នឹងត្រូវប្រថុយចេញរកប្រាក់ទាំងជំងឺកំពុងរាតត្បាត បើមិនចេញក៏គ្មានអ្វីហូបចឹងគាត់ប្រថុយដើម្បីក្រពះ ហើយពួកយើងក៏ចង់រក្សាក៏ដូចជាផ្សព្វផ្សាយដល់មហាជនឲ្យក្រឡេកមើលពីផលប៉ះពាល់លើពួកគាត់ដែលជាអ្នកធាក់ស៊ីក្លូថាយ៉ាងម៉េចខ្លះ? ហើយជួយគាត់ឬផ្ដល់ជំនួយឲ្យពួកគាត់ដើម្បីជៀសផុតពីកាលំបាកក្នុងស្ថានភាពនិងកាលៈទេសៈនេះ។» 

 


តាមរយៈវីដេអូខ្លីៗពីក្រោយបទនេះ គេឃើញមានបទ «ស៊ីក្លូ» មានដាក់បញ្ចូលការសម្តែងល្ខោនខោលដ៏អស្ចារ្យពីសិល្បករល្ខោនខោល សយ ច័ន្ទបូរី ដើម្បីបង្ហាញពីសិល្បៈវប្បធម៌របស់ខ្មែរយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។

 


ឲ្យភីអិនអិនដឹងកាលពីពេលថ្មីៗនេះ សិល្បករល្ខោនខោល សយ ច័ន្ទបូរី ថា៖ «មូលហេតុដែលខ្ញុំយកតួអង្គយក្សមួយមកបង្ហាញ ដែលគាត់មានអំណាចនិង មានឋានៈខ្ពស់ មកជិះស៊ីក្លូ ហើយរាំនៅលើស៊ីក្លូគឺ ខ្ញុំចង់បង្ហាញការចូលរួមលើស្ទួយ និងលើកទឺកចិត្ត ទៅដល់អ្នករត់ស៊ីក្លូ ដែលភាគច្រើនពួកគាត់ ជាមនុស្សវ័យចំណាស់។

 

 

តួអង្គនេះបង្ហាញពីការចូលរួមគាំទ្រការជិះស៊ីក្លូ មិនថាមនុស្សមាន ឬក្រ មនុស្សចាស់ ឬក្មេង មនុស្សគ្រប់ស្រទាប់ទាំងអស់ អាចចូលរួមគាំទ្រ ទៅលើការជិះស៊ីក្លូ ដើម្បីកាត់បន្ថយការបាត់បង់ការងារ លើវិស័យមួយនេះ ហើយវាបានជួយជំរុញលើកទឹកចិត្តទៅដល់តាតាធាក់ស៊ីក្លូ ឲ្យពួកគាត់មានកំលាំងចិត្ត។

 


ទី២ ពាក់ម៉ាស់ (Masks) គឺជាការបង្ហាញពីការការពារជំងឺកូវីដ-១៩ និងការថែរក្សាសុខភាពរបស់មនុស្សយើង ហើយលើម៉ាស់មានគំនូរ គឺចង់បង្ហាញអំពីសិល្បៈគំនូរ និងសិល្បៈដ៏ទៃទៀត ដើម្បីជាការផ្សព្វផ្សាយ និងជ្រោមជ្រែងទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរ និងជាក្លែបក្លិននៃរូបភាពក្នុងវីដេអូមួយនេះ។»

 


សិល្បករទាំងពីររំពឹងថាមនុស្សជាច្រើននឹងចាប់អារម្មណ៍ក៏ដូចជាអាចចូលរួមចំណែកជួយឬក៏ផ្សព្វផ្សាយ បទ «ស៊ីក្លូ» ដើម្បីសំរាលទុក្ខលំបាករបស់លោកតាជាអ្នកធាក់ស៊ីក្លូ និងជួយរក្សាសិល្បៈវប្បធម៌ខ្មែរយើងឲ្យកាន់តែជឿនលឿនមួយកំរិតទៀត។ ការចូលរួមចំណែករបស់យើងទាំងអស់គ្នាគឹសំខាន់ណាស់ និងមានតម្លៃណាស់ ក៏ដូចជាការលើកទឹកចិត្តមកឲ្យពួកខ្ញុំបន្តធ្វើទៅមុខទៀត។ 

 


ក្រៅពីបទនេះ ក៏នៅមានគម្រោងបទថ្មីមួយទៀតផងដែរ ដែលនឹងនិយាយពីសំរាម និងបរិស្ថាន។ យើងរីករាយស្វាគមន៍ ប្រសិនលោកអ្នកមានបំណងចង់ចូលរួមជាមួយយើងក្នុងការផលិតបទថ្មី ដែលនិយាយពីសំរាម ដែលនឹងលេចរូបរាងឆាប់ៗនេះ។

 


គួររំលឹកផងដែរថា បទ «ស៊ីក្លូ» ជាការចាប់ដៃគ្នាលើកទី១របស់ អ្នកចម្រៀងរ៉េប សាំង សុខសេរី និងសិល្បករល្ខោនខោល សយ ច័ន្ទបូរី។ បទនេះ ទទួលជំនួយពី Mekong Cultural Hub ដោយបានផ្ដល់ជាប្រាក់ទៅជូនលោកតាអ្នកធាក់ស៊ីក្លូ និងមានការជួយលើបច្ចេកទេសថត និងកាត់ពី VochBeatz ផងដែរ។ «ស៊ីក្លូ» នឹងធ្វើការផ្សព្វផ្សាយលើ Social media Facebook page, YouTube, Meetingpoint2021, Revealing contexts ក្នុងMCHផងដែរ។

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ដោយ VochBeatz

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024