ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
ប្រទេសសិង្ហបុរី បានបង្កើនការនាំចូលអង្ករពី វៀតណាម ដោយវៀតណាម ចាប់យកចំណែកទីផ្សារ ៣២% នៃទីផ្សារអង្ករសិង្ហបុរី នៅក្នុងត្រីមាសទី ១ បន្ទាប់មកគឺមាន ប្រទេសឥណ្ឌា និងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។យោងតាមសហគ្រាសសិង្ហបុរី បានឱ្យដឹងថា ការនាំចូលអង្ករសរុបរបស់ប្រទេសសិង្ហបុរី មានតម្លៃជិត ៨៣លានដុល្លារ កើនឡើង ២៣% នៅក្នុងត្រីមាសទី ១នេះ។
ប្រទេសវៀតណាមមានចំណែកទីផ្សារ ២៦លានដុល្លារអាមេរិក បន្ទាប់ពីការកើនឡើង ៨០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈប្រទេសឥណ្ឌា និងថៃ មានចំណែកទីផ្សារ ២៤លានដុល្លារអាមេរិកប្រហាក់ប្រហែលគ្នា។
អង្ករវៀតណាម បានក្លាយជា ផលិតផលពេញនិយមនៅក្នុងប្រទេសសិង្ហបុរី ដោយសារភាពសម្បូរបែបរបស់វា និងអាចរកបាន ក្នុងបរិមាណច្រើន។ក្រៅពីអង្ករសដែលមានគុណភាពខ្ពស់ វៀតណាម ក៏មានចំណែក ៨០% នៃទីផ្សារអង្ករដំណើបរបស់ប្រទេសសិង្ហបុរី និង ៧៣% នៃទីផ្សារអង្ករក្រអូប។
ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរី បានបញ្ជាក់ថា ដើម្បីរក្សាតំណែងរបស់វៀតណាម ជាអ្នកផ្គត់ផ្គង់អង្ករកំពូលរបស់សិង្ហបុរី អាជីវកម្មរបស់ខ្លួនត្រូវបង្កើនការផ្សព្វផ្សាយ និងទីផ្សារ និងរក្សាគុណភាពផលិតផលរបស់ពួកគេឱ្យខ្ពស់ជាប់លាប់។
សូមរម្លឹកថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសិង្ហបុរី ដើម្បីបង្កើនការនាំចេញអង្ករទៅកាន់ប្រទេសនេះ ក៏នឹងក្លាយជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់វៀតណាមផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ