ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ចៅស្រីនាយ កុយ ទទួលថតភាពយន្តកាន់តែតិច ព្រោះមូលហេតុមួយចំនួន

២៦ កុម្ភៈ ២០២១ | កម្សាន្ដ

 

សម្រាប់ឆ្នាំថ្មី២០២១ តារាសម្តែងវ័យក្មេង ជី ឈីងលីន ទទួលថតភាពយន្តកាន់តែតិចបើធៀបនិងឆ្នាំមុនៗ។ ការថយចុះនៃការទទួលថតភាពយន្តនេះត្រូវ ឈីងលីន ឲ្យដឹងថា ព្រោះនាងត្រូវយកពេលផ្តោតលើការសិក្សា ខណៈឆ្នាំនេះនាងកំពុងរៀនថ្នាក់ទី១០។ 

 


តារាសម្តែងស្រីវ័យក្មេង ជី ឈីងលីន ដែលគ្រប់គ្នាស្គាល់ជាចៅស្រីរបស់ នាយ កុយ តារាកំប្លែងជើងចាស់ក៏ល្បីល្បាញ បានកំពុងលេចមុខក្នុងភាពយន្តភាគថ្មីរបស់ភីអិនអិន ដែលបច្ចុប្បន្នភាពយន្តនេះបានកំពុងដំណើរការថតបន្ទាប់ពីធ្វើពិធីក្រុងពាលីយ៉ាងអធិកអធមកាលពីពេលថ្មីៗនេះ។

 


ការថតភាពយន្តជារឿងធម្មតាសម្រាប់យុវតីរូបស្រស់នេះ តែអ្វីដែលចម្លែក គឺឆ្នាំនេះ ឈីងលីន ទទួលថតភាពយន្តកាន់តែតិចទៅៗ មិនដូចរាល់ឆ្នាំនោះទេ។
 

 

សម្រាប់ឆ្នាំ ២០២១នេះ ឈីងលីន ទើបទទួលថតភាពយន្តភាគរឿង មរណមាតា របស់ភីអិនអិនមួយតែប៉ុណ្ណោះ ក្រៅពីនេះ ក៏មានទទួលថតភាពយន្តអប់រំ និងប្រភេទរឿងខ្លីជាដើម។ យ៉ាងណា ឈីងលីន មិនអាចកំណត់ពីចំនួនរឿងដែលនឹងទទួលថតក្នុុងឆ្នាំនេះបានឡើយ គ្រាន់តែដឹងថាមានការថតចុះច្រើនបើធៀបនិងឆ្នាំមុនៗ។

 


រឿង"មរណមាតា" ត្រូវចាត់ទុកជារឿងភាគខ្នាតធំមួយក្នុងឆ្នាំនេះរបស់ ឈីងលីន។ ឈីង លីន ត្រូវដើរតួជាក្មេងស្រីមានចរិកឆ្នាស់ឆ្នើមម្នាក់ក្នុងរឿងនេះ ដែលតួអង្គប្រភេទនេះ ពិតជាសាកសមបំផុតជាមួយអត្តចរិក និងភាពគ្រមិចគ្រមើមពីកំណើតរបស់នាង។

 


ឆ្នាំនេះ ចៅស្រីបណ្តូលចិត្តរបស់នាយ កុយ ឈានចូលវ័យ១៧ឆ្នាំហើយ ហើយបានកំពុងសិក្សាថ្នាក់ទី១០។ តារាសម្តែងវ័យក្មេងរូបនេះ នៅមិនទាន់គិតថានឹងចាប់យកជំនាញអ្វីសម្រាប់ថ្នាក់បរិញ្ញាបត្រឡើយ ប៉ុន្តែនាងបានឲ្យដឹងថា នាងស្រលាញ់ហើយមានបំណងចង់មានអាជីវកម្មផ្ទាល់ខ្លួនមួយ ដែលអាជីវកម្មនោះ អាចជាប្រភេទហាងលក់សម្លៀកបំពាក់ ឬហាងអាហារជាដើម។

 


ទោះមានក្តីស្រម៉ៃយ៉ាងនេះក្តី ប៉ុន្តែ ជី ឈីនលីន អះអាងមិនបោះអាជីពសិល្បៈឡើយ ព្រោះសិល្បៈជាអ្វីដែលខ្លួនពុះពារតាំងពីវ័យ១០មក តាំងពីគ្មានការជ្រោមជ្រែងពីក្រុមគ្រួសាររហូតមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃ។

 


គួររំលឹកថា ជី ឈីងលីន ជាតារាសម្តែងវ័យក្មេងម្នាក់ដ៏មានសមត្ថភាព។ នាងបានចូលរួមសម្តែងក្នុងភាពយន្តភាគទូរទស្សន៍ និងខ្សែភាពយន្តក្នុងស្រុកជាច្រើន។

 

 

ទស្សនិកជនភាគច្រើនស្គាល់ ជី ឈីងលីន កាន់តែច្បាស់តាមរយៈទេពកោសល្យសម្តែងតួអង្គឆ្នាស់ឆ្មើម។ លើសពីនេះ ឈីងលីន ក៏ជាបុគ្គលល្បីឈ្មោះម្នាក់លើប្រព័ន្ធអ៊ីនធឺណិតផងដែរ។ 

 

 

 

 

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024