ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ក្នុងថ្ងៃគម្រប់ខួប ៨៨ឆ្នាំរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្ថានទូតអាមេរិក បញ្ចេញចម្រៀងផលិតឡើងវិញមួយបទចំណងជើង «ស្នេហ៍បាត់សម្រស់» ជាចម្រៀងឆ្លើយឆ្លងមិនធ្លាប់មានរវាង អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត និងចៅស្រីបង្កើត កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា។
ទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតអាមេរិក នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបង្ហោះវីដេអូចម្រៀងឆ្លើយឆ្លងមិនធ្លាប់មានមួយបទ ដើម្បីអបអរសាទរជីវិត អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ក្នុងឱកាសគម្រប់ខួបទី៨៨ របស់លោក នៅថ្ងៃទី ២៣ សីហា ឆ្នាំ ២០២១ កន្លងទៅ។
បទចម្រៀងនោះចំណងជើងថា «ស្នេហ៍បាត់សម្រស់» -Love that Lost Beauty ជាបទដ៏ល្បីរបស់លោក ស៊ីន ស៊ីសាមុត ត្រូវបានច្រៀងឡើងវិញដោយចៅស្រីរបស់លោក គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា។
«ស្នេហ៍បាត់សម្រស់» ជាបទមនោសញ្ចេតនា រៀបរាប់ពីសេចក្តីស្នេហាកម្លោះក្រមុំកាលជំនាន់មុន។ ដោយឡែកក្នុង MV ផលិតឡើងវិញនេះ គេឃើញមានការចូលរួមសម្តែងដោយក្រុមសិល្បកររបស់ហ្វារពន្លឺសិល្បៈផងដែរ និងរំលេចដោយទេសភាពស្រុកស្រែ រួមទាំងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតអាមេរិក បទ «ស្នេហ៍បាត់សម្រស់» ជាចម្រៀងឆ្លើយឆ្លងមិនធ្លាប់មានមួយរវាងលោក ស៊ីន ស៊ីសាមុត និងកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតរបស់លោក។
ចម្រៀងធ្វើឡើងវិញថ្មីមួួនេះ ត្រូវបានផលិត និងកែសម្រួលដោយ Minor Act ក្នុងកិច្ចសហការជាមួយ Phare Ponlue Selpak (ហ្វារពន្លឺសិល្បៈ) សម្រាប់ខ្សែភាពយន្ត «ចម្រៀងឥតព្រាងទុក» ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ នឹងចម្រៀងដែលមានតម្លៃជានិរន្តរបស់លោក ស៊ីន ស៊ីសាមុត។ការផលិតឡើងវិញនូវបទ «ស្នេហ៍បាត់សម្រស់» ទទួលការឧបត្ថមថវិកាដោយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូអាមេរិក។
ក្រលេកទៅមើលទំព័រហ្វេសប៊ុកផ្លូវការចៅស្រី អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ឯណោះវិញ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏បានច្រៀងចម្រៀង ១ បទទៀត ដើម្បីអបអរសាទរ និងឧទ្ទិសថ្ងៃខួប ៨៨ ឆ្នាំ លោកតាខ្លួនដែរ ដោយភ្ជាប់ជាមួយពាក្យមួយឃ្លាថា៖ «ស្ដាប់ទៅវារៀងកំប្លែងបន្តិច តែបំណងប្រាថ្នាតែមួយគត់ ក្នុងអាជីពជាសិល្បៈការិនីរបស់នាងខ្ញុំ គឺបានបកស្រាយចម្រៀងផ្ទាល់ជាមួយលោកតា។
ក្នុងឱកាសខួបកំណើតគម្រប់ ៨៨ ឆ្នាំ របស់លោកតា ស៊ីន ស៊ីសាមុត - Sin Sisamuth នាងខ្ញុំបានលើកបទចម្រៀងមួយបទមកបកស្រាយឡើងវិញ ជាបទមួយដែលនាងខ្ញុំចូលចិត្តក្នុងចំណោមបទទាំងអស់របស់លោកតា មានចំណងជើងថា "សំរោងចុងកាល" ។ រីករាយថ្ងៃកំណើត លោកតា!»៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN & Facebook