ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤

ស្នាដៃជាងទងធ្វើចម្លាក់ដ៏ចំណានតាំងពីទសវត្សទី៦០ កំពុងល្បីរន្ទឺឆ្លងទ្វីប

១២ កុម្ភៈ ២០២១ | កម្សាន្ដ

និយាយពីរឿងជាងទងធ្វើចម្លាក់ ឆ្លាក់ស្ពាន់ អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកមួយចំនួនច្បាស់ជាងធ្លាប់បានឃើញទឹកដៃដ៏ប្រណិតរបស់ឪពុកកូន២នាក់រស់នៅខេត្តកណ្តាល ដែលស្នាដៃអ្នកទាំងពីរកំពុងល្បីល្បាញខ្លាំងលើសង្គមហ្វេសប៊ុក។

 

ថ្ងៃនេះកម្មវិធីយើង នាំលោកអ្នកទៅស្តាប់រឿងរ៉ាវខ្លះៗនៃដំណើរដើមទងរបស់ជាងទងធ្វើចម្លាក់ដ៏ចំណានតាំងពីទសវត្សទី៦០ ដែលកំពុងល្បីរន្ទឺឆ្លងទ្វីបនេះ។


បុរសរាងខ្ពស់ស្រឡះ មាឌធំក្រអាញ សម្បុរសណ្តែកបាយ សក់រួញអង្គារដីពណ៌រៀងប្រផេះ ដែលទស្សនិកជនឃើញកំពុងអង្គុយដំវត្ថុរឹងម៉្យាងឮសូរប៉ុកៗនេះ គឺលោក ជា យុទ្ធា លោកគឺជាជាងទងក៏ចំណានម្នាក់ដែលចាប់របរជាជាងទងតាំងពីអំឡុងទ.សឆ្នាំ៦០។

 

មិនត្រឹមល្បីល្បាញក្នុងប្រទេស ប៉ុន្តែស្នាដៃចម្លាក់របស់ជាងទងរូបនេះ ល្បីខ្លាំងរហូតបរទេសរស់នៅឆ្លងទ្វីបកម៉្មង់យកទៅទៀតផង។


លោក ជា យុទ្ធា បច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ។ លោកបានប្រកបរបរជាជាងទងតាំងពីឆ្នាំ ១៩៦៧មកម៉្លេះ តែមានមនុស្សមិនច្រើនទេដែលបានស្គាល់ និងដឹងឮពីស្នាដៃដ៏ល្អវិចិត្ររបស់គាត់ ព្រោះកន្លងមកស្នាដៃគាត់រមែងត្រូវលក់បន្តដោយឈ្មួញកណ្តាល ក្នុងតម្លៃទាប ស្ទើរមិនអាចទទួលបាន រហូតគិតបោះបង់ការងារនេះម្តងៗ តែដោយសារចិត្តស្រលាញ់ជាធ្នាក់ទាក់ចិត្តលោកឲ្យត្រដាបត្រដួសជាមួយរបរនេះ រហូតដល់បច្ចុប្បន្ន។


រំលឹកទៅអតីតកាលនៃអាជីពជាងទង លោកតា យុទ្ធា រៀបរាប់ថា លោកបានរៀនសូត្រចំណេះជំនាញនេះតាំងពីអាយុមិនទាន់១០ឆ្នាំម៉្លេះ កាលនោះលោករៀនជាមួយបងប្អូនបង្កើតចំនួន២នាក់ផ្សេងទៀត។

 

ជំនាន់នោះជំនាញជាងទង គ្មានសាលាបង្រៀនត្រឹមត្រូវឡើយ ពោលគឺលោករៀនបន្តពីគ្រូដែលចេះជំនាញនេះតៗគ្នាប៉ុណ្ណោះ។ 


ដោយទេពកោសល្យ និងដុងពីកំណើត លោកតាចាប់ជំនាញនេះបានយ៉ាងរហ័ស ដោយអាចឆ្លាក់ជាចម្លាក់បានយ៉ាងផូរផង់តាំងពីពេលគ្រានោះមក។

 

តែគួរឲ្យសោកស្តាយ មិនយូរប៉ុន្មានរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានចូលមក អាជីពនេះក៏ត្រូវរលត់បាត់រូបទៅតាមដានអតីតកាលនោះដែរ។

 

ដូចពាក្យចាស់តែងលើកឡើងថា «ក្នុងទីងងឹតតែមានពន្លឺ» ព្រោះជំនាញជាងទងនេះហើយ ធ្វើឲ្យលោកតារួចជីវិតផុតពីរបបខ្មែរក្រហម ហើយរស់រានរហូតសព្វថ្ងៃ។

 

ដោយមាននិស្ស័យជាមួយការងារជាងទងតាំងពីកំណើត លោកតា យុទ្ធា បានសម្រេចចិត្តវិលមកចាប់របរនេះម្តងទៀតក្នុងឆ្នាំ១៩៨៨។ 
 

 

ទន្ទឹមគ្នានោះ ក្រៅពីរបរនេះគ្រួសារលោកតាក៏ធ្វើស្រែចម្ការត្រសងគ្នាដែរ ដើម្បីជាខែលទប់ទល់ជីវភាពគ្រួសារដែលមានកូនប្រុសស្រី៤នាក់ក្នុងបន្ទុក។

 

 

រៀបរាប់ដោយទឹកមុខម៉ឹងម៉ាត់បុរសចំណាស់វ័យ៦០ផ្លាយរូបនេះថា ត្បិតមានឈ្មោះជាជាងទងដ៏ចំណាន នរណាៗក៏សរសើរពីស្នាដៃដ៏វិចិត្រក៏ពិតមែន ប៉ុន្តែសម្រាប់សាម៉ីខ្លួនផ្ទាល់ លោកពុំដែលធ្លាប់ទៅដល់ទឹកដីខេត្តសៀមរាបម្តងឡើយ ទាំងដែលស្នាដៃរបស់លោកតាភាគច្រើនសុទ្ធសឹងជាចម្លាក់លើប្រាង្គប្រាសាទលើទឹកដីខេត្ត សៀមរាប។
 


ពីមួយថ្ងៃទៅមួយថ្ងៃរបរជាងទងកាន់តែរីកចម្រើន ទឹកដៃចម្លាក់ក៏ផ្តើមមានគេស្គាល់ច្រើនឡើងៗ រហូតមានអ្នកភូមិផងរបងជាមួយដឹកដៃគ្នាមករៀនពេញៗផ្ទះ តែអកុសលជំនាញជាងទងមិនអាចអន្ទងគ្រប់គ្នាឲ្យចាប់ជាអាជីពនោះទេ ព្រោះការងារប្រភេទនេះទងទាមទារឲ្យ មានការអត់ធ្មត់អត់ធន់ យកចិត្តទុកដាក់ សម្រិតសម្រាំងក្បូរក្បាច់ ថែមទាំងទាមទារឲ្យមានការស្រាវជ្រាវរឿងរ៉ាវប្រវត្តិសាស្ត្រច្រើនជំនាន់ទៀតផង ទើបមនុស្សម្នាភាគច្រើនមិនគិតស្រម៉ៃការងារប្រភេទនេះ។
 


ជាការពិតដែលរបរជាងទងអាចរកចំនូលបានច្រើន ជាហេតុនាំឲ្យជីវភាពគ្រួសារលោកតាមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ ប៉ុន្តែច្រើនឆ្នាំក្នុងរបរនេះ អ្វីដែលលោកតារំពឹងពីការឆ្លាក់មិនមែនថវិកាប៉ុណ្ណឹងទេ ព្រោះគ្រប់ស្នាដៃដែលឆ្លាក់សុទ្ធតែត្រូវដាប់ដោយទឹកចិត្ត ភាពមុតមាំ និងយកចិត្តទុកដាក់ខ្ពស់។

 

 

ជាងទងដែលល្បីល្បាញតាំងពីសម័យទ.សទី៦០រូបនេះ រំពឹងថាស្នាដៃរបស់លោកនឹងត្រូវគេចង់ចាំរហូតទៅ ទោះថ្ងៃមុខអវត្តមានរូបលោកក្តី ក៏ស្នាដៃទាំងនេះនៅដក់ជាប់ចិត្តអ្នកប្រើប្រាស់ មិនថាអ្នកក្នុងស្រុក ឬអ្នកនៅបរទេស។

 


តាមការលើកឡើងរបស់ជាងទងដ៏ចំណាននេះ ការឆ្លាក់ចម្លាក់ប្រភេទនេះ ក៏មានផ្សារភ្ជាប់និងរឿងអបិយជំនឿខ្មែរពីបុរាណផងដែរ។

 


លោក វ៉ែន រ៉ាម៉ូ កូនប្រុសទី២ និងជាអ្នកស្នងរបរជាងទងពីឪពុក ជា យុទ្ធា បានរៀបរាប់ឲ្យដឹងថា លោកដឹងខ្លួនថាស្រលាញ់ហើយចូលចិត្តការឆ្លាក់តាំងពីកុមារភាពមកម៉្លេះ។

 

 

លោកបានសម្រេចចិតបោះបង់ការសិក្សា ហើយចាប់របរនេះតាំងពីលោកអាយុ ៨-៩ឆ្នាំ ដោយគិតមកទល់ពេលនេះមានរយៈពេលប្រមាណជិត៣០ឆ្នាំហើយ។ បច្ចុប្បន្ន ក្រៅពីការងារចម្លាក់ លោកក៏ជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកឈ្មោះ «Ramo ជាងចម្លាក់» ដែលជារឿយៗតែងបង្ហោះស្នាដៃចម្លាក់ប្រណិតៗរបស់២នាក់ឪពុកកូនលោក។ 

 


ស្នាដៃដែលពេញនិយម ហើយមានគេកម្ម៉ងច្រើនកាលពេលកន្លងទៅមានដូចជា ក្បាច់អង្គរ ក្បាច់បន្ទាយស្រី ផ្តិល ខ្លង តំកំបោរ និងចងព្រះខ័ន្តជាដើម ដោយឡែករូបភាពភាគច្រើនត្រូវបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ មានរូបព្រះរាមចេញទ័ពទៅច្បាំង ឬព្រះរាមគង់ក្នុងសុវណ្ណព្រះពន្លាក្នុងពេលបើកកិច្ចប្រជុំការងារសឹកសង្គ្រាមជ័យជាមួយពួកពលសកលយោធា ព្រះខ័នសឹកស្ដេចស្វា ទម្រង់ក្បាច់ភ្ញីអង្គរលម្អដងយកតាមដាវមេទ័ពតាព្រហ្ម- (ក្រុងឧដុង្គ) ហនុមានសម្តែងឬទ្ធិផ្សេងៗ។ 

 


អតិថិជនរបស់ជាងទងធ្វើចម្លាក់ដ៏ចំណានតាំងពីទសវត្សទី៦០នេះ ភាគច្រើនជាអ្នកមានជីវភាពធូរធារ មួយផ្នែកទៀតជាអតិថិជនជនជាតិបរទេសដែលរស់នៅក្រៅប្រទេស។

 

 

ជាក់ស្តែងកាលពីឆ្នាំកន្លងទៅផ្តិលចំនួន២របស់លោកតានិងកូនប្រុសត្រូវបានអ្នករស់នៅប្រទេសអូស្រ្តាលីកម្ម៉ង់ឲ្យធ្វើ រួចផ្ញើរទៅទីនោះផ្ទាល់។

 


គិតត្រឹមដើមឆ្នាំ២០២១នេះ អ្នកកម្ម៉ង់ចម្លាក់របស់ជាងទងដ៏ចំណាននេះមានមិនតិចជាង១០០នាក់ឡើយ។ តាមការអះអាងពីលោកតា យុទ្ធា និងកូនប្រុស លោក រ៉ាម៉ូ អតិថិជនខ្លះត្រូវរាប់ឆ្នាំទើបទទួលបានស្នាដៃរបស់ខ្លួន ព្រោះចម្លាក់និមួយៗដែលគ្រប់គ្នាកម្ម៉ង់ឲ្យឆ្លាក់ត្រូវចំណាយពេលមិនក្រោម២ សប្តាហ៍នោះទេ ហើយប្រសិនបើចម្លាក់នោះធំ គឺត្រូវចំណាយពេលរហូតដល់ឆ្នាំឯណោះទើបរួចរាល់។

 

 

 

 

 

 

អត្ថបទ៖ រ៉ាត ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024