ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អតីតសិស្ស PSE និងជាអតីតបេក្ខភាព Mister Cambodia 2020  ព្រំ វណ្ណា បង្ហាញជំហរចង់ក្លាយជាអ្នកសិល្បៈល្បីឈ្មោះ

១២ កុម្ភៈ ២០២១ | កម្សាន្ដ

ព្រោះពាក្យសន្យា និងក្តីបំណងដែលមានតាំងពីកុមារភាព ព្រំ វណ្ណា អតីតសិស្សទទួលការបណ្តុះបណ្តាលនៅសាលា PSE និងជាអតីតបេក្ខភាពកម្មវិធី Mister Cambodia 2020 កំពុងសម្រួចខ្លួន ដើម្បីសាងភាពល្បីល្បាញលើវិថីសិល្បៈ។ 

 

អតីតសិស្សទទួលការបណ្តុះបណ្តាលនៅសាលា PSE និងជាអតីតបេក្ខភាពកម្មវិធី Mister Cambodia 2020 ព្រំ វណ្ណា បានកំពុងបោះជំហានលើវិថីសិល្បៈ ដើម្បីក្លាយខ្លួនជាតារាសម្តែងអាជីព និងតារាចម្រៀងមួយរូបប្រចាំប្រទេសកម្ពុជា។

 

កម្លោះសង្ហាកម្ពស់ ១.៧៨ សង់ទីម៉ែត្រ រូបនេះ ផ្តើមប្រឡូកសិល្បៈអំឡុងឆ្នាំ ២០១៧- ២០១៨។

 

អតីតសិស្ស PSE រូបនេះ ធ្លាប់ចូលរួមប្រកួតកម្មវិធីសិល្បៈជាច្រើនដូចជា The voice, X Factor, Cambodia Idol ជាដើម ហើយ២ឆ្នាំចុងក្រោយនេះលោក បានចូលរួមប្រកួតកម្មវិធី Mister Cambodia ដល់ទៅ២ជំនាន់ គឺ Mister Cambodia 2019, Mister Cambodia 2020 ទៀតផង ដោយលោកបានឈានចូលដល់វគ្គផ្តាច់ព្រាត់នៃកម្មវិធីប្រកួតឆ្នាំនេះ។

 

បើទោះបីជាពុំទទួលបាននូវជយលាភី ក៏កំលោះវ័យ ២១ ឆ្នាំនេះ មិនបោះបង់ជំហរនៃក្តីស្រមៃរបស់ខ្លួននោះឡើយ។ វណ្ណា បន្តថា ព្រោះពាក្យសន្យាចំពោះឪពុកលាចាកលោកទៅហើយ និងដើម្បីមើលថែអ្នកម្តាយផងនោះ ទើបលោកពុះពារ រុញច្រានខ្លួនឯងឲ្យឈានមកដល់កន្លែងនេះ។

 

ម៉្យាងការងារសិល្បៈជាអ្វីដែលលោកស្រលាញ់តាំងពីក្មេងមកម៉្លេះ។


ត្បិតមិនទាន់ជោគជ័យក្នុងការប្រកួតណាមួយ តែកម្លោះសង្ហារូបនេះ មិនសោកស្តាយឡើយ ដោយចាត់ទុកថា ការបរាជ័យទាំងនេះគឺជាបទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយដែលលោកមានបំណងចង់ចូលរួម។

 


បច្ចុប្បន្ន ព្រំ វណ្ណា ជាតារាបង្ហាញម៉ូដ តារាសម្តែង និងជាអ្នកចម្រៀងម្នាក់ផងដែរ ។ បន្ថែមពីនេះ លោកក៏ជា Bartender (អ្នកក្រឡុកស្រា) ក្នុងសណ្ឋាគារលំដាប់ផ្កាយ ក្នុងក្រុងភ្នំពេញផងដែរ។

 


ជាក់ស្តែង ថ្មីៗនេះ អតីតបេក្ខភាព Mister Cambodia 2020 ទើបត្រូវបានជ្រើសរើសជាម៉ូដែលក្នុងការដើរបង្ហាញម៉ូតសម្រាប់កម្មវិធី Fashion Show ពី Collection ថ្មីរបស់អ្នកច្នៃម៉ូតអេរិក រេស៊ីណា ផងដែរ។

 


អតីតបេក្ខភាពកម្មវិធី Mister Cambodia 2020 ថា ប្រសិនមានឱកាសលោកនឹងចូលរួមប្រកួតកម្មវិធីិផ្សេងៗទៀត តែអ្វីដែលលោកកំពុងសំលឹងមើលនៅពេលនេះ គឺកម្មវិធីដើរម៉ូដ សម្តែង និងចម្រៀង។

 


គួររំលឹកថា ព្រំ វណ្ណា ផ្តើមមានគេស្គាល់តាមរយៈការប្រកួតកម្មវិធីសិល្បៈធំៗ ការដើរបង្ហាញម៉ូដ និងរូបថតបែបហ្វេសសិន តាមបណ្តាញសង្គមហ្វេសប៊ុក។

 

 

ជារឿយៗ ម៉ូដែលរូបនេះ តែងបង្ហោះរូបថតបែបហ្វេសសិន ស៊ិចស៊ី ជាហេតុនាំឲ្យមហាជនស្គាល់លោកកាន់តែឆាប់រហ័ស។

 


ពេលនេះ លោកកំពុងសំងំហាត់ពត់លុតដំលើសមត្ថភាពផ្សេងៗ ដើម្បីត្រៀមខ្លួនក្នុងការទទួលយកឱកាសការងារថ្មីៗដែលនឹងកើតមានលើរូបលោកក្នុងពេលឆាប់ៗខាងមុខនេះ។


 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឲ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024