ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រជុំតារាល្បីៗថ្ងៃសម្ពោធឆាកតន្ត្រីថ្មី Freshy Happy Concert ចំថ្ងៃទិវានៃក្តីស្រឡាញ់

១២ កុម្ភៈ ២០២១ | កម្សាន្ដ

ដើម្បីឱ្យកាន់តែប្លែក និងទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិជនក្នុងឆ្នាំ២០២១ នេះឆាកតន្ត្រីថ្មីរបស់ Freshy Happy Concert បានកែប្រែរូបរាងដ៏ថ្មីសន្លាងរបស់ខ្លួន ហើយអ្វីដែលពិសេសនោះក្នុងថ្ងៃសម្ពោធឆាកថ្មីចំថ្ងៃទិវានៃក្ដីស្រលាញ់ចុងសប្ដាហ៍នេះគឺប្រជុំដោយតារាល្បីៗក្នុងប្រទេស កម្ពុជា។

 


ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ថ្ងៃ អាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពីកម្មវិធីតន្ត្រី Freshy Happy Concert នឹងរៀបចំជាពិសេសដើម្បីបើកសម្ពោធឆាកថ្មីរបស់ខ្លួនជាផ្លូវការ ដោយមានវត្តមានរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រួមជាមួយតារាចម្រៀងស្រីប្រុស ល្បីៗជាច្រើនរូបទៀត។

 


ឆាកតន្ត្រី Freshy Happy Concert នឹងកែប្រែមុខមាត់ថ្មី ដោយមានការបំពាក់ជាមួយភ្លើងLEDដ៏ទំនើប និងការផ្លាស់ប្តូររូបរាងឆាកទាំងស្រុង ដើម្បីអោយកាន់តែទាក់ទាញជាងមុន។ នេះបើតាមការបញ្ជាក់ពីលោក Romeo ដែលជាផលិតករកម្មវិធី។

 


លោក Romeo បានអោយដឹងថា «កន្លងមក យើងតែងតែបានរិះរកគ្រប់វិធី ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនបានប្លែកអារម្មណ៍ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយមានទាំងការរៀបចំឆាកតម្រូវទៅតាមបទចម្រៀង អញ្ជើញតារាចម្រៀងល្បីៗ និងការរៀបចំឈុតឆាកសម្តែងថ្មីៗពីតារាកិត្តិយស ហើយក៏មានការបកស្រាយបទចម្រៀងបែប Acoustic  ដែលជាចំណីអារម្មណ៍ដ៏រីករាយសម្រាប់ទស្សនិកជន។ 

 


ដោយមានការគាំទ្រច្រើនពីទស្សនិកជន ហេតុដូច្នេះហើយ ទើបយើងបានសម្រេចបោះទុនបន្ថែមទៀត ដើម្បីកែប្រែមុខមាត់ឆាកថ្មីអោយកាន់តែអស្ចារ្យជាងមុន ដោយបានបំពាក់បន្ថែមជាមួយភ្លើង LED ដ៏ទំនើបដែលជាបច្ចេកវិទ្យាចុងក្រោយ រួមទាំងការកែប្រែឆាកទាំងស្រុង ដោយជឿជាក់ថាទស្សនិកជននឹងបានត្រជាក់ភ្នែកជាងមុន និងស្រស់ស្រាយជាងមុន»។

 


ដោយសារតែឆាកតន្ត្រីដ៏ទំនើប Freshy Happy Concert  ដំណើរការជាផ្លូវការចំ ទិវានៃក្តីស្រឡាញ់ ដូច្នេះក្រៅពីការបកស្រាយបទចម្រៀងដ៏ពីរោះ និងក្បាច់រាំដ៏រស់រវើកហើយនោះ តារាកិត្តិយសនឹងបង្ហាញពាក្យពេជន៍ដ៏មានអត្ថន័យ និងផ្អែមល្ហែមទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនផងដែរ។

 


វត្តមានតារាកិត្តិយសដែលនឹងចូលរួមក្នុងកម្មវិធី នៅថ្ងៃពិសេសនេះមានដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខេន កញ្ញា ហុង ពៅស្រីមាស និងកញ្ញា វីតា។ 

 


ទស្សនីយភាពដ៏អស្ចារ្យទាំងនេះ នឹងមានក្នុងម្មវិធី Freshy Happy Concert ផ្សាយផ្ទាល់ នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024