ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

សាយ៖ កុំស្រលាញ់វប្បធម៌ត្រឹមមាត់និយាយ កុំអភិរក្សរហូតទុកចោល!

១៧ កញ្ញា ២០២១ | កម្សាន្ដ


ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងប្រតិកម្មជុំវិញ Concept ក្នុង MV របស់ Lisa សមាជិក BLACKPINK ដែលទើបបញ្ចេញជាផ្លូវការកាលពីពេលថ្មីៗនេះ ម្ចាស់ពានរង្វាន់សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ លោក អួន បឋម ហៅសាយ បានចេញមកបំផុសដល់យុវជនខ្មែរឲ្យខំសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ និងចូលរួមជាផ្នែកមួយក្នុងការអភិរក្សនិងអភិវឌ្ឍ។


ម្ចាស់ពានរង្វាន់សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ និងជាតារាចម្រៀងឯករាជ្យ លោក អួន បឋម ហៅសាយ ថ្មីៗនេះ បានចេញមកបំផុសដល់យុវជនខ្មែរគ្រប់រូបឲ្យខំសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ និងចូលរួមជាផ្នែកមួយក្នុងការអភិរក្សនិងអភិវឌ្ឍ ដើម្បីឱ្យយើងអាចរស់នៅជាមួយវប្បធម៌ជារៀងរហូត និងបានភ្ជាប់ជាមួយ Hastag ថា #កុំស្រលាញ់វប្បធម៌ត្រឹមមាត់និយាយ #កុំអភិរក្សរហូតទុកចោល នៅលើបណ្ដាញសង្គម Facebook របស់ខ្លួន។


ការបំផុសយ៉ាងដូច្នេះរបស់តារាចម្រៀង រូបនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានជជែកវែកញែករឿង MV បទថ្មីរបស់ Lisa សមាជិក BLACKPINK ដោយបទនោះបានផ្ទុះការសរសើរ ស្របគ្នានិងអ្នករិះគន់យ៉ាងចាស់ដៃផងដែរ ជុំវិញ Concept ក្នុង MV ដែលនាងបង្ហាញពីផ្ទាំងក្លោងទ្វារប្រាសាទបុរាណក្នុងរចនាបទខ្មែរ និងសំលៀកបំពាក់មួយឈុតរបស់ Lisa ក្នុងបទថ្មីនេះ។ អ្វីដែលមហាជនកម្ពុជាយកមកជជែក គឺផ្ដោតទៅលើការឲ្យតម្លៃរបស់សង្គម។


ក្រឡេកមកមើល ទំព័រហ្វេសប៊ុកផ្លូវការរបស់ សាយ វិញនោះ លោកបានរៀបរាប់ថា៖ «មួយរយៈនេះឃើញគេផ្អើលរឿងខ្លោងទ្វារប្រាសាទ ខ្ញុំទើបនឹកឃើញថាធ្លាប់ថតនៅខ្លោងទ្វារប្រាសាទបន្ទាយស្រីយ៉ាងស្រស់ស្អាត។ ខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានច្រើនទេ ក្រៅពីការជួយផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ខ្មែរយើង តាមរយៈការសិក្សាស្វែងយល់និងការមោទនភាពក្នុងការលើកមកនិយាយនិងផ្សព្វផ្សាយបន្ត។


បើយើងចង់ឱ្យគេស្គាល់ថាអ្វីជារបស់យើងលុះត្រាតែយើងនាំគ្នានិយាយពីរបស់នោះឱ្យបានច្រើន នឹងព្យាយាមបង្ហាញតាមរូបភាពដែលយើងគិតថាត្រឹមត្រូវទៅកាន់ពិភពលោក។ បើស្រឡាញ់វប្បធម៌ខ្លួនឯង ត្រូវខំសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ និងចូលរួមជាផ្នែកមួយក្នុងការអភិរក្សនិងអភិវឌ្ឍ ដើម្បីឱ្យយើងអាចរស់នៅជាមួយវប្បធម៌នោះជារៀងរហូត។» 

 


លោកបានសង្កត់ធ្ងន់ថា "វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន" 
#កុំស្រលាញ់វប្បធម៌ត្រឹមមាត់និយាយ #កុំអភិរក្សរហូតទុកចោល

 


សាយ ជាសិល្បករជំនាន់ក្រោយម្នាក់ពោរពេញដោយទេពកោសល្យ និងទឹកចិត្តមុះមុតលើកិច្ចការងារសង្គម។ តាមការសង្កេត សាយ ជាតារាប្រុសម្នាក់តែងតែ ចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារជួយសង្គម។

 


ជាការពិតណាស់ កាលពីឆ្នាំកន្លងទៅ លោកបានជោគជ័យលើព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលព្រឹត្តិការណ៍នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០។ សរុបព្រឹត្តិការណ៍នេះ សាយ រត់បាន ២១ ខេត្ត-រាជធានីរយៈពេល ៩៩ថ្ងៃ មានចម្ងាយផ្លូវសរុប ២៤០៨ គីឡូម៉ែត្រ ទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជន ៤៧ ម៉ឺនដុល្លារ សម្រាប់យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ទទួលបានការគាំទ្រច្រើនពីមហាជនយ៉ាងភ្លូកទឹកភ្លូក។ 

 


ក្រោយបញ្ចប់ព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» តារាចម្រៀងឯករាជ្យរូបនេះ ក្លាយជាបុគ្គលដំបូងគេបំផុត ដែលឈ្នះពានរង្វាន់សន្តិភាព វ៉ាយអេសភី ឆ្នាំ២០២១ (YSP Peace Prize 2021) ដែលពានរង្វាន់នេះត្រូវគេដឹងថា ជាពានរង្វាន់ដែលផ្ដល់ជូនដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេង ដែលបានធ្វើការចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងធ្វើការផ្សព្វផ្សាយនូវសកម្មភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចិរភាព ដែលទទួលបានលទ្ធផលជាផ្លែផ្កា និងមានការទទួលស្គាល់ពីមនុស្សជាច្រើននៅក្នុងប្រទេស ក្នុងតំបន់ និងសាកលលោក។

 


កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅ សាយ បានសម្ពោធបើកដំណើរការកម្មវិធី "Run with Sai Virtual Run 2021" ក្រោមអធិបតីភាពឯកឧត្ដម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។ "ចូលរួមជាមួយពួកយើង ដើម្បីសុខភាព...ចូលរួមជាមួយពួកយើង ដើម្បីកិច្ចការងារមនុស្សធម៌" គឺជាពាក្យស្លោករបស់សាយក្នុងកម្មវិធីរត់លើកនេះ។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN & Facebook

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024