ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

វៀតណាម មានចំនួនអ្នកផ្គត់ផ្គង់ផលិតផល Apple នាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍

២៦ មេសា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសវៀតណាម មានចំនួនអ្នកផ្គត់ផ្គង់ច្រើនបំផុត សម្រាប់ក្រុមហ៊ុនអាមេរិក Apple នៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុន និងជាប់លំដាប់ថ្នាក់ខ្ពស់បំផុតទី ៤ នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ប្រទេសវៀតណាម មានអ្នកវិនិយោគផ្គត់ផ្គង់គ្រឿងបង្គុំនានា សម្រាប់ក្រុមហ៊ុន Apple ចំនួន ៣៥កន្លែងហើយ គិតត្រឹមឆ្នាំហិរញ្ញវត្ថុ ២០២៣ នេះបើយោងតាមបញ្ជីអ្នកផ្គត់ផ្គង់ដែលប្រកាសដោយ Apple នាពេលថ្មីៗនេះ។

 


នៅអាស៊ីអាគ្នេយ៍ អ្នកផ្គត់ផ្គង់គ្រឿងបង្គុំដល់ ក្រុមហ៊ុន Apple រួមមាន ប្រទេសថៃ មានអ្នកផ្គត់ផ្គង់ ២៤កន្លែង ម៉ាឡេស៊ី មាន ១៩កន្លែង និងហ្វីលីពីន មាន ១៧កន្លែង។

 


បើគិតលំដាប់ទូទាំងពិភពលោក វៀតណាម នៅពីក្រោយប្រទេសចិន (១៥៨កន្លែង) តៃវ៉ាន់ (៤៩កន្លែង) និងជប៉ុន (៤៤កន្លែង)។ចន្លោះឆ្នាំ ២០១៦ ដល់ ២០២៣ ប្រទេសវៀតណាម មានការកើនឡើងខ្លាំងបំផុតនៃចំនួនអ្នកផ្គត់ផ្គង់ជាមួយនឹងការឈានជើងចូលរបស់ ក្រុមហ៊ុន Foxconn, Luxshare និងក្រុមហ៊ុនផ្សេងទៀតមានរោងចក្រនៅក្នុងប្រទេសវៀតណាម ដែលផលិតគ្រឿងបន្លាស់សម្រាប់ AirPods, iPad និង Apple Watch របស់ក្រុមហ៊ុន Apple។

 


នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook កាលពីសប្តាហ៍មុន បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដោយក្រុមហ៊ុន បានបង្ហើបថា ខ្លួននឹងទិញគ្រឿងបន្លាស់បន្ថែមទៀត ដែលផលិតដោយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម ហើយបានសន្យាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងច្នៃប្រឌិតរបស់ប្រទេសនេះ។សូមបញ្ជាក់ថា ប្រទេសចិន នៅតែស្ថិតនៅកំពូលនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple ដែលមានចំនួន ៤២% នៃផលិតកម្មសរុប៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024