ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា ស្វាគមន៍ភ្ញៀវទេសចរថៃច្រើនជាងគេ អំឡុងត្រីមាសទី ១

២៦ មេសា ២០២៤ | សេដ្ឋកិច្ច

 

នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២៤នេះ ចំនួនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាង ២២% ដល់ ១លាន ៥សែននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេជាង ៤៤ម៉ឺននាក់។

 

 

បើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែមីនា ឆ្នាំ ២០២៤នេះ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនា កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមានជាង ១លាន ៥សែននាក់ ដែលតួលេខនេះ កើនឡើងរង្វង់ ២២% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២៣កន្លងទៅ។

 


ប្រទេសថៃ ឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវបរទេសមកកាន់ កម្ពុជា ដោយមានចំនួន ៤៤ម៉ឺននាក់ បន្ទាប់មក គឺមានប្រទេសវៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។

 


ជាមួយគ្នានេះ ភ្ញៀវទេសចរប្រមាណ ៦៤ម៉ឺននាក់ បានមកដល់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ ដែលកើនឡើង ៣៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


បើតាមក្រសួងទេសចរណ៍ ព្យាករថា ចំនួនភ្ញៀវអន្តរជាតិមកទស្សនា កម្ពុជា រំពឹងនឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ ២០២៥ លើសពីកម្រិតមុនការរាតត្បាតកូវីដ១៩ ដែលមានជាង ៦លាននាក់ក្នុងឆ្នាំ ២០១៩។សូមរម្លឹកថា ក្នុងឆ្នាំ ២០២៣ ប្រទេសកម្ពុជា ស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ៥លាន ៤សែននាក់ និងរកចំណូលបានជាង ៣ពាន់លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ (Cambodia Tourism)

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024