ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

វិស័យទេសចរថៃ រកចំណូលបានជាង ៣,៧ពាន់លានដុល្លារ ពីបុណ្យសង្រ្កានចូលឆ្នាំរយៈពេល ២១ថ្ងៃ

២៦ មេសា ២០២៤ | សេដ្ឋកិច្ច

 

យោងតាមក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា រយៈពេល ៣សប្តាហ៍នៃពិធីបុណ្យសង្រ្កានឆ្នាំនេះ ថៃ រកចំណូលបានពី វិស័យទេសចរណ៍ប្រហែល ៣ពាន់ ៧រយលានដុល្លារអាមេរិក ដោយមានភ្ញៀវទេសចរបរទេសចំនួនជិត ២លាននាក់ មកកម្សាន្ត។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 

 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញតួលេខដែលត្រូវបានចងក្រងដោយ ផ្នែកសេដ្ឋកិច្ចទេសចរណ៍ និងកីឡារបស់ក្រសួង ឱ្យដឹងថា ពិធីបុណ្យរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែមេសា រកចំណូលបានជាង ៣ពាន់ ៧រយលានដុល្លារអាមេរិក លើសពីតួលេខដែលបានព្យាករណ៍ចំនួន ៣ពាន់ ៥រយលានដុល្លារអាមេរិក ។

 


វិស័យសំខាន់ៗដែលទទួលបានអត្ថប្រយោជន៍ច្រើន រួមមាន វិស័យស្នាក់នៅ វិស័យអាហារ និងភេសជ្ជៈ, ទំនិញ និងវត្ថុអនុស្សាវរីយ៍, ការធ្វើដំណើរ, ការកម្សាន្ត, សេវាកម្មទេសចរណ៍ និងការចំណាយផ្សេងទៀត។

 


រដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តថា ក្នុងរយៈពេល ២១ថ្ងៃ ភ្ញៀវទេសចរបរទេសសរុបចំនួនជិត ២លាននាក់ បានមកទស្សនាប្រទេសថៃ កើនឡើង ៣៧%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។


ក្រសួង បានចាត់ទុកការកើនឡើងនៃ ការមកដល់របស់ជនបរទេស ដោយសារវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល ដូចជាការលើកលែងទិដ្ឋាការ និងការលុបចោលទម្រង់បែបបទអន្តោប្រវេសន៍ និងការរៀបចំសកម្មភាពសំខាន់ៗ ដើម្បីអបអរសាទរពិធីបុណ្យនេះ។


ប្រទេសទាំង ១០ ដែលផ្តល់ភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ ប្រទេសចិនជិត ៤សែននាក់ ម៉ាឡេស៊ី ៣សែននាក់ ឥណ្ឌា ១សែននាក់ និងរុស្ស៊ី ១សែននាក់ជាដើម។សូមបន្ថែមថា ប្រជាជនថៃសរុបចំនួនជិត ១៤លាននាក់ បានធ្វើដំណើរកម្សាន្ត ដែលបង្កើតបាន ១ពាន់ ៣រយលានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024