ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥

រោងភាពយន្តឌីជីថល Angkor DC បើកដំណើរការ ដើម្បីស្រោចស្រង់វិស័យភាពយន្តកំពុងធ្លាក់ចុះយ៉ាងគំហុកក្នុងវិបត្តិកូវីដ១៩!

០៨ កក្កដា ២០២១ | កម្សាន្ដ

រោងភាពយន្តឌីជីថល Angkor DC របស់ផលិតកម្មផលិតភាពយន្តឈានមុខនៅកម្ពុជា LD Picture ផ្ដើមបើកជាផ្លូវការហើយ ដើម្បីឲ្យអ្នកគាំទ្របានទស្សនាភាពយន្តខ្មែរឡើងវិញ និងជួយស្រោចស្រង់វិស័យភាពយន្តខ្មែរកំពុងធ្លាក់ចុះយ៉ាងគំហុកក្នុងវិបត្តិកូវីដ១៩។

 


ខណៈវិស័យភាពយន្តខ្មែរកំពុងធ្លាក់ចុះយ៉ាងគំហុកប្រមាណ២ឆ្នាំចុងក្រោយ ដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ជាហេតុនាំឲ្យរោងភាពយន្តត្រូវបិទដំណើរការ រឿងដែលថតហើយគ្មានកន្លែងបញ្ចាំង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផលិតករភាពយន្តក្នុងស្រុក។

 


ដោយមើលឃើញពីភាពយ៉ាប់យ៉ឺនរបស់វិស័យភាពយន្តនាពេលបច្ចុប្បន្ន រោងភាពយន្តឌីជីថលបែបថ្មីមួយគឺ Angkor DC នៅល្ងាចថ្ងៃទី៧ ខែកក្កដា ម្សិលមិញបានសម្រេចបើកដំណើរការ Angkor DC App ជាផ្លូវការ ដើម្បីជាចំណែកចូលរួមស្រោចស្រង់វិស័យភាពយន្តខ្មែរ ពិសេសផលិតករខ្មែរដែលផលិតរឿងហើយមិនដឹងយកទៅចាក់ផ្សាយនៅទីណា។

 


រោងភាពយន្តឌីជីថល Angkor DC ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដើម្បីបម្រើការកម្សាន្តរបស់មហាជន ពិសេសអ្នកនិយមទស្សនាភាពយន្តខ្នាតធំ។ App ថ្មីនេះក៏ជាការចូលរួមចំណែកពង្រីកទីផ្សារវិស័យភាពយន្តនៅកម្ពុជា ពិសេសសម្រាប់អ្នកគ្មានពេលវេលាច្រើនដើម្បីមកទស្សនាក្នុងរោងភាពយន្តនិងអ្នករស់នៅក្រៅប្រទេសអាចចូលរួមទស្សនាបានដោយរីករាយដោយការចំណាយតិច តែចំណេញពេលវេលា និងការទស្សនាភាពយន្តរួមគ្នាជាមួយមិត្តភ័ក្កក្រុមគ្រួសារជាដើម។ 
 


ឆ្លៀតឱកាសនោះដែរ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសារទរចំពោះសមិទ្ធផលថ្មី និងជាដំណឹងល្អសម្រាប់ផលិតករ ក្រោយពីរោងភាពយន្តត្រូវបានបិទអស់រយៈពេលប្រមាណ២ឆ្នាំព្រោះតែបញ្ហាជំងឺកូវីដ១៩ ហើយផលិតករដ៏ទៃទៀតក៏អាចមានឱកាសយកស្នាដៃភាពយន្តរបស់ខ្លួនមកដាក់បញ្ចាំងនៅលើរោងភាពយន្តឌីជីថលនេះផងដែរ។

 


ក្នុងពិធីសម្ភោធបើកដំណើរការសាកល្បងជាផ្លូវការ Angkor DC App នេះទៀតសោធន៍ គេឃើញវត្តមានសិល្បករមួយចំនួនចូលរួមដោយអនុវត្ត៣កុំ៣ការពារយ៉ាងខ្ជាប់ខ្ជួនផងដែរ ដូចជា តារាសម្តែងជើងចាស់ ទេព រិន្ទដារ៉ូ តារាកំប្លែងនាយពាក់មី លោក លឹម ជាឡាយ លោក ជា លាងឈែ និងកញ្ញា ម៉ូនី វិជ្ជរា ជាដើម។ ក្នុងនោះសិល្បករចាស់ថ្មី ក៏បានចូលរួមសម្តែងការសាទរចំពោះការបើកដំណើរការ Angkor DC App ក្នុងអំឡុងកូវីដនេះដូចគ្នាដែរ។
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025