ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

ល្អសើចទៀតហើយ! ពីស្នេហាស្រីឆ្នាស់ប៉ះកំលោះទាហានរូបស្រស់ ក្នុងរឿង «ស្នេហ៍នាយទាហានជើងទឹក» កំពុងចាក់ផ្សាយនៅ PNN 

០២ មីនា ២០២១ | កម្សាន្ដ


 

ថ្មីប្លែកជា អមដោយភាពសំណើចសប្បាយរីករាយទៀតហើយជាមួយខ្សែភាពយន្តភាគបរទេសរឿង”ស្នេហ៍នាយទាហានជើងទឹក” កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN។

 


ខ្សែភាពយន្តភាគថៃថ្មី កំពុងតែបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន “ស្នេហ៍នាយទាហានជើងទឹក” គឺជាសាច់រឿងស្នេហា លាយឡំនឹងឈុតឆាកកំប្លុកកំប្លែង ដែល បង្ហាញពីស្នេហារវាងនារីរូបស្រស់ និងនាយទាហានជើងទឹកម្នាក់។ «ស្នេហ៍នាយទាហានជើងទឹក» គឺជារឿងភាគថ្មី  ខុសពីរឿងភាគមុន ដែលនឹងផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន មកតាមដានពីទំនាក់ទំនងស្នេហាក្នុងជួរទាហានវិញម្តង ។ 

 


នៅក្នុងរឿងនេះដែរ ក៏មានបង្ហាញពីជីវិតរស់នៅ និងបទពិសោធន៍ក្នុងជួរជាយោធា ការពារដែនទឹក ពីពលទាហានជើងទឹក។ មិនតែប៉ុណ្ណោះ ថែមទាំងមានលាយឡំបញ្ជូលនូវឈុតឆាកស្នេហា បែបសើចសប្បាយ គួរឲ្យចង់តាមដានទស្សនា។ មិនមែនគ្រាន់តែជាប្រភេទរឿងស្នេហានោះទេ ក្នុងនោះក៏បង្កប់ពីអត្ថន័យយ៉ាងជ្រៅចំពោះតម្លៃការងារជា យោធាជើងទឹក ដែលមានតួនាទីការពារដើម្បីប្រយោជន៍រួមផងដែរ។ 

 


វន គឺជាកូនស្រីតែមួយគត់របស់មន្ត្រីយោធាជាន់ខ្ពស់ បម្រើការនៅបន្ទាយទាហានជើងទឹក ។ នាងជាមនុស្សស្រីកាច ឆ្នាស់ឆ្នើម និងចូលចិត្តឡូឡាច្រើន ហើយមិនងាយនឹងចុះចាញ់នរណាម្នាក់នោះទេ។ ថ្ងៃមួយ បន្ទាប់ពី វន បានត្រឡប់មកពីរៀននៅឯបរទេសវិញ នាងក៏បានជួបជាមួយនឹង ថៃ ជាទាហានជើងទឹក និងក៏ជាកូនចៅរបស់ឪពុករបស់នាងផងដែរ។ វាជាថ្ងៃដំបូង ដែលវន និងថៃបានជួបគ្នាដោយចៃដន្យនៅហាងកាហ្វេមួយកន្លែង ហើយពួកគេបានឈ្លោះទាស់ទែងពាក្យសម្តី ឲ្យគ្នាទៅវិញទៅមក ដោយសារតែកំហុសឆ្គងបន្តិចបន្តួច។

 


វន និងថៃ មិនបានដឹងពីតួនាទី និងការងារ គ្រួសារពីគ្នានោះទេ។ ពួកគេ ចាប់ផ្តើមស្អប់គ្នា ក៏ដោយសារតែមិនចុះសម្រុងនឹងគ្នា រាល់ពេលដែលជួបគ្នាម្តងៗ។ ថៃ ថ្វីត្បិតតែគេជាមនុស្សប្រុស មានចិត្តម៉ត់ចត់នឹងការងារ តែគេនៅតែមានចរិត ចូលចិត្តដើរលេង សប្បាយ និងមិនសូវខ្វល់ពីរឿងស្នេហា ។

 

 

ដល់វេលាមកដល់ ឪពុករបស់ វន បានឲ្យនាងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ហើយដោយសារតែនិស្ស័យជាគូព្រេង វន និងថៃបានជួបគ្នាគ្រប់ពេល ។ ទំនាក់ទំនង និងភាពស្និទ្ធស្នាលនៅក្នុងការងារ ក៏បានធ្វើឲ្យ វន និង ថៃ មានចិត្តស្រឡាញ់គ្នា ដោយឆ្លងកាត់នូវរឿងរ៉ាវល្អៗជាច្រើន ក្នុងមិត្តភាពស្នេហារបស់ពួកគេដែរ។ 

 


ក្នុងនោះដែរ វត្តមានតារាសម្តែងថៃជាច្រើន ចូលរួមសម្តែង ដូចជា លោក  Phet Thakrit Tawanpong  ( ជាតួអង្គ ថៃ នាយទាហ៊ានជើងទឹក ) , Fai Numtautch Losuwan (ជាតួអង្គ វន កូនស្រីមេទាហ៊ាន ), លោក Got Jirayu Tantrakul  , កញ្ញា Egg Butsakon Tantiphana , លោក Ton Jakrit Ammarat , អ្នកនាង Tom Nahathai Pichitra និងតារាសម្តែងល្បីៗជាច្រើនដួងទៀត។

 


ដើម្បីចង់ដឹងថា តើខ្សែភាពយន្តភាគថ្មីនេះ ល្អមើលយ៉ាងណា ហើយរវាង តួអង្គ ស្រីឆ្នាស់ និងកម្លោះទាហ៊ានជើងទឹក នឹងមានទំនាក់ទំនងស្នេហាបែបណានោះ សូមតាមដានទស្សនានៅក្នុងរឿង «ស្នេហ៍នាយទាហានជើងទឹក» កំពុងចាក់ផ្សាយនៅលើកញ្ចកទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ថ្ងៃត្រង់៕ 
 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025