ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

បុរសសង្ហា ៣ រូបក្នុងរឿង « ស្នេហា Cover »  កំពុងចាក់បញ្ចាំងនៅ PNN មានចំណុចពិសេសរៀងៗអាចអង្រួញបេះដូងអ្នកគាំទ្រមិនឱ្យខកបំណងទេ

០១ កញ្ញា ២០២៣ | កម្សាន្ដ

 

លោក ឃឹម ហ្សានីត , ម៉ុង ប៊ុនហេង និងលោក ជួប សារ៉ាវុទ្ធ ដែលជាបុរសសង្ហាទាំង ៣ រូបក្នុងរឿងស្នេហា Cover ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN នឹងមានចំណុចពិសេសៗមកអង្រួនអារម្មណ៍ទស្សនិកជនមិនឱ្យខកបំណងនោះទេ។

 

 

ទីបំផុតរឿង « ស្នេហា Cover » បានដាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៣ ម្សិលមិញនេះ បន្ទាប់ពីរឿងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងនិងប្រជុំទៅដោយតួសម្តែងថ្មីចាស់ជាច្រើនរូប ។

 

 

ជាពិសេសវត្តមានបុរសសង្ហា ៣ រូប ដែលជាតួអង្គសំខាន់នៅក្នុងរឿង « ស្នេហា Cover » នឹងកាន់តែធ្វើឱ្យទស្សនិកជនជាប់ចិត្តឌិតអារម្មណ៍ជាមួយការសម្តែងរបស់ពួកគេ  ។

 

 

« ស្នេហា Cover » ជារឿងភាគថ្មីមួយទៀតដែលនិពន្ធនិងដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ជា និងប្រជុំដោយសិល្បករសិល្បការិនីថ្មីចាស់ជាច្រើន រឿងនេះគឺជាប្រភេទរឿងស្នេហាប្រទាក់ក្រឡាគ្នា ពីមួយទៅមួយ រហូតក្លាយជាចំណងស្នេហ៍បន្តពីគ្នា មិនចេះចប់មិនចេះហើយ តែប្រសិនបើចង់ដឹងច្បាស់ថា នឹងមានអ្វីកើតឡើងជាបន្តបន្ទាប់ទៅលើតួអង្គសំខាន់ៗ កុំភ្លេចទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បត្តិ៍ វេលាម៉ោង ៧ យប់ ។

 

 

ជាមួយនិងការដាក់បញ្ចាំងរឿង «  ស្នេហា Cover » នេះផងដែរ យើងក៏សូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់ពីបុរសសង្ហា ៣ រូបដែលជាតួអង្គសំខាន់នៅក្នុងរឿងនេះ ។

 

 

លោក ឃីម ហ្សានីត ធ្លាប់លេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ច្រើនមកហើយ ដោយឡែកក្នុងរឿង « ស្នេហា Cover » លោកសម្តែងជាតួអង្គបុរសដែលមានចរិតស្នោះនិងស្នេហ៍ ប៉ុន្តែដោយសារតែមិនអាចប្រកែកនិងគ្រួសារបានលោក ក៏សម្រេចចិត្ត រៀបរាប់តាមឪពុកម្តាយជាមួយមនុស្សស្រីដែលខ្លួនមិនស្រឡាញ់ ។

 

 

ចំណែកលោក ម៉ុង ប៊ុនហេង វិញក្នុងរឿង « ស្នេហា Cover » គឺជាស្នាដៃទី ២ របស់លោកដែលបានថតឱ្យ ទូរទស្សន៍ភីអិនអិន ដោយលោកសម្តែងជាតួអង្គអ្នកដឹកនាំរឿង ។ រឿងនេះពិតជាប្លែកពីរឿងមុនៗដែលលោកបានសម្តែង ។  

 

 

ដោយឡែកបុរសសង្ហា ជួប សារ៉ាវុទ្ធ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសម្តែងជាតួអង្គបុរសសង្ហាសប្បូរស្នេហ៍ និងជាព្រាននារីតែម្តង ប៉ុន្តែចរិតពិតនៅខាងក្រៅតារាសម្តែងរូបនេះគឺជាបុរសស្រគត់ស្រគំ ម្នាក់ ។

 

 

អ្នកស្រី ពាន់ ភួងបុប្ជា ដែលជាអ្នកនិពន្ធនិងដឹកនាំរឿង « ស្នេហា Cover » បានបញ្ជាក់ប្រាប់ថា សម្រាប់តួអង្គប្រុសសំខាន់ ៣ រូបខាងលើ ពួកគាត់ពិតជាមានលក្ខណៈពិសេសរៀងៗខ្លួនទើបធ្វើឱ្យលោកស្រីសម្រេចជ្រើសរើសពួកគាត់សម្តែងក្នុងរឿងតែមួយព្រមគ្នា ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024