ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រឿង «ព្រលឹងល្បុក្កតោ» ជាភាពយន្ត និងជាចលនាគាំទ្រលើកស្ទួយវប្បធម៌ជាតិ ចាប់ចាក់បញ្ចាំងពីថ្ងៃនេះតទៅ!

១៦ មីនា ២០២៣ | កម្សាន្ដ

 

ក្រោយចំណាយពេលផលិតរយៈពេលជិត២ឆ្នាំ ទីបំផុត រឿង «ព្រលឹងល្បុក្កតោ» ដែលជាភាពយន្តផង និងជាចលនាវប្បធម៌ជាតិផង ចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្ត ពីថ្ងៃទី១៦ ខែមីនានេះតទៅហើយ។

 


ភាពយន្តខ្មែរខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅរោងភាពយន្ត Major Cineplex by Smart សាខា Aeon 1 ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឯកឧត្តម តឹក ង៉ូយ សាស្ត្រាចារ្យក្រមាមាស គុនល្បុក្កតោ សាន គីមស៊ាន តារាក្បាច់គុនខ្មែរ កញ្ញា ពេជ្រ ចរណៃ សិស្សគុនល្បុក្កតោពីក្លឹបនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

 

 

ក្នុងនោះ ក៏មានការសម្តែងផ្ទាល់ពីក្រុមល្បុក្កតោ ដោយរំលេចគុន៣សំខាន់ៗ ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនឹកស្មានមិនដល់ និងបានកោតសសើរដល់គំនិតផ្តួចផ្តើមរបស់លោកគ្រូតា ក្នុងការចងក្រងស្នាដៃថ្មីនេះ បន្ទាប់ពីលោកគ្រូរួមចំណែកនាំគុនល្បុក្កតោឱ្យពិភពលោកទទួលស្គាល់ថា ជាបេតិកភណ្ឌពិភពលោកថ្មីៗនេះ។ ក្នុងពិធីដ៏ឱឡារិកនេះ លោកគ្រូតា សាន គីមស៊ាន ក៏បានឱ្យដឹងពីមូលហេតុជំរុញឱ្យលោកតាផលិតរឿង  «ព្រលឹងល្បុក្កតោ» នេះឡើង រួមទាំងក្តីរំពឹងទុកចំពោះភាពយន្តវ៉ៃតប់គុណបុរាណនេះផងដែរ។

 


ចំណែក តារាស្រីជំនាញក្បាច់គុនខ្មែរ កញ្ញា ពេជ្រ ចរណៃ ដែលបានចូលរួមបង្ហាញក្បាច់គុនល្បុក្កតោក្នុងពិធីសម្ភោធរឿង «ព្រលឹងល្បុក្កតោ» ក៏បង្ហាញអារម្មណ៍រំភើបរីករាយចំពោះការដាក់បញ្ចាំងរឿង ព្រលឹងល្បុក្កតោ ហើយនាងសង្ឃឹមថា ទស្សនិកជននឹងចូលរួមទស្សនារឿងនេះឱ្យបានច្រើនកុះករ ដើម្បីបានដឹងពីភាពអស្ចារ្យនៃក្បាច់គុនល្បុក្កតោរបស់ខ្មែរយើង ដែលលោកគ្រូតា សាន គីមស៊ាន បានត្រួសត្រាយផ្លូវសិល្បៈក្បាច់គុនល្បុក្កតោឱ្យរស់ឡើងវិញ។

 

 

គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» ចាប់ចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី១៦ ខែមីនា នេះតទៅ។ លើសពីនេះ លោកគ្រូតា នឹងនាំក្រុមល្បុក្កតោទៅសម្តែងផ្ទាល់ នៅតាមរោងភាពយន្តនានា នៅរាជធានីភ្នំពេញ នៅថ្ងៃចាក់បញ្ចាំងដំបូង ដោយដាក់ឈ្មោះយុទ្ធនាការនោះថា៖ «តស់ ហាត់ល្បុក្កតោ នៅរោងកុន» ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ ដូច្នេះហើយបានទស្សនិកថា រឿង «ព្រលឹងល្បុក្កតោ» ជាភាពយន្តផង ជាចលនាវប្បធម៌ជាតិផង!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024