ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

“Deadpool & Woverine” រកចំណូលបានជាង ៤៣០ លានដុល្លារនៅសប្ដាហ៍ដំបូង

២៩ កក្កដា ២០២៤ | កម្សាន្ដ

 

ភាពយន្តថ្មីពីស្ទូឌីយោ Marvel រឿង “Deadpool & Wolverine” បានបំបែកកំណត់ត្រាជាច្រើន ក្រោយអាចរកចំណូលបានរហូតដល់ ៤៣៨ លានដុល្លារពីការបញ្ចាំងទូទាំងពិភពលោកក្នុងសប្ដាហ៍ដំបូង។

 


ភាពយន្ត Superhero បែបកំប្លែងរឿង “Deadpool & Wolverine” ដែលរួមសម្ដែងដោយតារាប្រុស Ryan Reynolds និង Hugh Jackman (រ៉ាយអឹន រ៉េណល & ហ្យូច ជេកមេន) បានគ្រងចំណាត់ថ្នាក់លេខ១ លើតារាង Box Office សប្ដាហ៍នេះជាមួយចំណូល ២០៥ លានដុល្លារពីការបញ្ចាំងនៅអាមេរិកខាងជើង និងជាង ២៣៣ លានដុល្លារទៀតពីការបញ្ចាំងនៅប្រទេសផ្សេងៗ ធ្វើឱ្យចំណូលសរុបទូទាំងពិភពលោកនៅសប្ដាហ៍ដំបូងអាចបានដល់ ៤៣៨ លានដុល្លារ។

 


ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឱ្យ “Deadpool & Wolverine” អាចបំបែកកំណត់ត្រាជាច្រើនដូចជាកំណត់ត្រាភាពយន្តរកចំណូលសប្ដាហ៍ដំបូងបានខ្ពស់បំផុតក្នុងឆ្នាំនេះ និងជាភាពយន្តកំណត់អាយុអ្នកទស្សនា ឬ R-rated (អ រ៉េតធីត) ដែលអាចរកចំណូលសប្ដាហ៍ដំបូងបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។គួរបញ្ជាក់ថា “Deadpool & Wolverine” គឺជាភាពយន្តទី៣ ក្នុងចំណោមស៊េរីភាពយន្ត “Deadpool” ដែលវគ្គដំបូងគេបានចេញកាលពីឆ្នាំ២០១៦ អាចរកចំណូលសរុបបាន ៧៨២ លានដុល្លារ និងវគ្គទី២ ចេញឆ្នាំ២០១៨ អាចរកចំណូលបាន ៧៨៥ លានដុល្លារ។

 


ងាកមកចំណាត់ថ្នាក់លេខ២សប្ដាហ៍នេះបានទៅលើភាពយន្តមហន្តរាយខ្យល់ព្យុះ “Twisters” ដែលអាចរកចំណូលនៅអាមេរិកបាន ៣៦ លានដុល្លារទៀតកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈចំណូលសរុបទូទាំងពិភពលោកកើនដល់ ២២១ លានដុល្លារក្រោយបញ្ចាំងបាន២សប្ដាហ៍។ ចំណាត់ថ្នាក់លេខ៣ គឺភាពយន្តគំនូរជីវចល “Despicable Me 4” ដែលអាចរកចំណូលបាន ១៤,៥ លានដុល្លារទៀតនៅសប្ដាហ៍ចុងក្រោយ ខណៈចំណូលសរុបទូទាំងពិភពលោកកើនដល់ ៦៧៧ លានដុល្លារ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024