ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥
នេះជាលើកដំបូងហើយដែលភាពយន្តខ្មែររឿង « ឆ្មាំវិញ្ញាណ » ផលិតឡើងដោយស្នាដៃកូនខ្មែរកាត់ អ៊ីតាលី វ័យទើបតែ១៩ឆ្នាំ Rando Henderson ប្រជុំទៅដោយតារាសម្តែងវ័យក្មេងដូចគ្នា ដែលធ្វើឱ្យសាច់រឿងទាំងមូលកាន់តែធ្វើឱ្យអ្នកទស្សនាជក់ចិត្តឌិតអារម្មណ៍ មិនចាញ់ការដឹកនាំរបស់អ្នកដឹកនាំរឿងអាជីពមួយចំនួនឡើយ ទៅថ្ងៃមុខលោកថែមទាំងមានបំណងយកស្នាដៃរបស់ខ្លួនទៅបង្ហាញនៅក្រៅប្រទេសផងដែរ ។
កន្លងមកទស្សនិកជនភាគច្រើនឃើញតែស្នាដៃធំៗរបស់ផលិតករដែលមានវ័យច្រើនប៉ុណ្ណោះ ដែលបង្ហាញនៅក្នុងរោងភាពយន្ត ដោយឡែកកាលពីថ្ងៃទី ០៥ ខែ មិថុនា កន្លងមកនេះ ផលិតកម្ម Two Rivers បានរៀបចំពិធីសម្ពោធភាពយន្តខ្នាតធំថ្មីមួយរបស់ខ្លួនជាផ្លូវការដែលមានចំណងជើងថា « ឆ្មាំវិញ្ញាណ » ដែលប្រជុំដោយតារាសម្តែងវ័យក្មេងជាច្រើនរូប ព្រមទាំងអ្នកដឹកនាំរឿងវ័យក្មេងបំផុតដែលមានវ័យទើបតែ១៩ឆ្នាំជាកូនខ្មែរកាត់ អ៊ីតាលី តែមានបទពិសោធខ្ពស់ក្នុងការដឹកនាំ ។
ជួបជាមួយយុវវជនវ័យ១៩ឆ្នាំ Rando Henderson អ្នកដឹកនាំរឿង « ឆ្មាំវិញ្ញាណ » បានឱ្យដឹងថា លោកបានចំណាយពេលវេលាថតនិងផលិតរឿងនេះរយៈពេលមួយឆ្នាំពេញទំរាំចេញជាសមិទ្ធិផលដ៏ល្អនេះ ។ ភាពយន្តនេះផងដែរគឺជាភាពយន្តភ័យរន្ធត់ បង្កដោយអាថ៌កំបាំង លាយឡំនិងប្រវត្តិសាស្រ្ត កម្ពុជា ដែលជាសិល្បវិធីនិទានសាច់រឿងប្រកបដោយភាពច្នៃប្រឌិត ។
សម្រាប់តារាសម្តែងនៅក្នុងរឿង « ឆ្មាំវិញ្ញាណ » គឺចូលរួមសម្តែងដោយក្រុមយុវវជនវ័យក្មេងចំនួន៤នាក់ ពួកគេបានពួតដៃគ្នាសម្តែងបានយ៉ាងល្អបើទោះបីជាស្នាដៃនេះជាស្នាដៃដំបូងរបស់ពួកគេក្តី តែទេពកោសល្យសម្តែងពួកគេមិនចាញ់តារាអាជីពឡើយ ជាក់ស្តែងនៅក្នុងថ្ងៃសម្ពោធបញ្ចាំងលើកដំបូង ទស្សនិកជនជាច្រើនបានផ្ទុះការសរសើរពីការសម្តែងនិងអ្នកដឹកនាំរឿងនេះគ្រប់ៗគ្នា ។
បើតាមគម្រោងរឿង « ឆ្មាំវិញ្ញាណ ឬ The Guardian » នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ១២ ខែ មិថុនា ខាងមុខនៅគ្រប់រោងភាពយន្ត ។ កុំភ្លេចចូលរួមទស្សនា និងគាំទ្រស្នាដៃកូនខ្មែរកាត់ អ៊ីតាលី លោក Rando Henderson ដើម្បីជាកម្លាំងចិត្តដល់លោកនិងសិល្បករផ្សេងៗទៀត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច