ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ដើម្បីឱ្យសាច់រឿងចេញមកដូចការពិតតួអង្គប្រមាណជាង ២០០នាក់ បានផ្គុំចេញជាសាច់រឿងខ្នាតធំមួួយមានចំណងជើង «សូម៉ា” ដែងជាភាពយន្តក្នុងទម្រង់ថ្មីបំផុតក្នុងឧស្សាហកម្មកុនខ្មែរយើង ត្រៀមចាក់បញ្ចាំងជូនទស្សនិកជននាពេលឆាប់ៗនេះ។
សំងំថតយ៉ាងសម្រិតសម្រាំងរយៈពេលជាច្រើនខែ ទីបំផុតផលិតកម្ម Wonder Film Entertainment ជិតបញ្ចប់ស្នាដៃភាពយន្តខ្នាតធំថ្មី ចំណងជើង «សូម៉ា» ដោយពេលនេះនៅសល់តែឈុតឆាកសំខាន់ៗមួយចំនួនទៀតប៉ុណ្ណោះ។
តួយ៉ាង ថ្មីៗនេះផលិតកម្មបានបើកកាមេរ៉ាថតឈុតធំមួយ នៃសាច់រឿង «សូម៉ា» ដោយឈុតនេះមានការចូលរួមសម្តែងពីសិល្បករ-សិល្បការនីសរុបប្រមាណជាង ២០០នាក់ ដែលបានប្រមូលម្តុំគ្នាបង្កើតឈុតឆាកសម្តែងមួយដែលមើលទៅដូចការពិតតែម្តង។
លោក សែម វិសាល ផលិតករ និងជាអ្នកដឹកនាំរឿង «សូម៉ា» បានឱ្យដឹងថា នេះជាឈុតឆាកធំមួយក្នុងសាច់ខ្សែភាពយន្តខ្នាតធំ «សូម៉ា» ហើយនៅមានឈុតឆាកធំៗបែបនេះខ្លះទៀតដែលត្រូវការប្រើតួសម្តែងខ្ទង់រយនាក់ ដើម្បីចូលរួមបង្កើតសាច់រឿងជាមួយគ្នា មុនពេលខ្សែភាពយន្តនេះបញ្ចប់ការផលិត។ ក្រុមការងារ នៅតែផ្ចិតផ្ចង់លើគុណភាពសាច់រឿង និងបច្ចេកទេសផលិត ឱ្យប្រាកដថា យើងទទួលបានភាពយន្តមួយដែលមានគុណភាពខ្ពស់សម្រាប់អ្នកទស្សនា។
ស្របពេលកំពុងដំណើរការថតភាពយន្តខ្នាតធំនេះ កូនកាត់ខ្មែរ-បារាំង កញ្ញា Khemma Metayer (ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ) និង កំលោះសង្ហារមកពីប្រទេស Tajikistan (តាជីគីស្ថាន) លោក Ramazon Oev (រ៉ាម៉ាស្សូន អ៊ែយ) តួឯកប្រុសស្រីក្នុងរឿង «សូម៉ា» បានរៀបរាប់ឱ្យដឹងបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញចំពោះសាច់រឿង «សូម៉ា» ។
សូមជម្រាបថា ខ្សែភាពយន្តខ្នាតធំ «សូម៉ា» ជាវណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់ផលិតកម្ម Wonder Film Entertainment បន្ទាប់ពីរឿង «ប្រាសាទកំបាំងមុខ» , «ផ្ទះចិញ្ចឹមខ្មោច» , «ស្នូរជើងអ្នកណា?» , «អន្ទងវិញ្ញាណ» , «កំណើតអរូប» , «កុំដេក» និងរឿង «ពពិលខ្មៅ» ដែលបានចាក់បញ្ចាំងលើផ្ទាំងសំពត់សរនៃរោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា និងបាននាំយកទៅចាក់បញ្ចាំងតាមបណ្តាប្រទេសជាច្រើនឈរលើទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរឱ្យឈានដល់កម្រិតមួយដែលអន្តរជាតិទទួលស្គាល់ពិតប្រាកដ Wonder Film បានរិះរកគំនិតច្នៃប្រតិដ្ឋថ្មីមកបង្កើតសាច់រឿង «សូម៉ា» នេះឡើង ជារសជាតិថ្មី ឬអាចហៅបានថាជាទម្រង់ថ្មីបំផុតក្នុងឧស្សាហកម្មកុនខ្មែរយើង។
ផលិតកម្មដែលផ្តោតលើគុណភាពជាចម្បងនេះសង្ឃឹមថា ទស្សនិកជនខ្មែរនឹងចូលរួមគាំទ្រវិស័យភាពយន្តឱ្យកាន់តែច្រើនឡើង ហើយកុំភ្លេចរង់ចាំតាមដានស្នាដៃភាពយន្តខ្នាតធំថ្មីរបស់ Wonder Film ចំណងជើងថា «សូម៉ា» ឱ្យបានច្រើនកុះករ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច