ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៤ ត្រៀមនាំយកភាពយន្តប្រកបដោយគុណភាព និងគុណតម្លៃអប់រំចំនួន ៦រឿង ទៅចាក់បញ្ចាំងលើផ្ទាំងសំពត់សរនៅ ខេត្តសៀមរាម ដើម្បីឱ្យប្រជាពលរដ្ឋាបានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃ២៧ខែតុលាខាងមុខនេះ។
ឆ្នាំ២០២៤នេះ មហោស្រពភាពយន្តជប៉ុន ឬ Japanese Film Festival បានកំណត់គោលដៅចាក់បញ្ចាំងភាពយន្តចំនួន ៤ ខេត្ត-ក្រុង រួមមាន៖ ខេត្តបាត់ដំបង , កំពត , សៀមរាប និងរាជធានីភ្នំពេញ។ ក្នុងចំណោមខេត្ត-ក្រុងទាំង ៤ ខាងលើ ខេត្តបាត់ដំបង និងកំពត បានចាក់បញ្ចាំងរួចរាល់ហើយ កាលពីអំឡុងខែកញ្ញាកន្លងទៅ ខណៈដែលការចាក់បញ្ចាំងភាពយន្តនៅខេត្តសៀមរាប នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
មហោស្រពភាពយន្តជប៉ុន ត្រៀមនាំយកខ្សែភាពយន្តចំនួន ៦ រឿង ដូចជា «The Imaginary» «Let’s Go Karaoke!» «OUR SECRET DIARY» «SAND LAND» «OUT» និង «MATCHED» ទៅចាក់បញ្ចាំងលើផ្ទាំងសំពត់សរ នៃរោងភាពយន្តទំនើប Legend Cinema Heritage Walk ខេត្តសៀមរាម ដែលរឿងទាំង ៦ខាងលើជាភាពយន្តបែបដ្រាម៉ាមនោសញ្ចេតនា វាយតប់ កំប្លែង ភ័យរន្ធត់ និងគំនូរជីវចលបែបផ្សងព្រេងផងដែរ។
បងប្អូនអ្នករស់នៅខេត្តសៀមរាបអាចអញ្ញើញចូលរួមទស្សនាភាពយន្តជប៉ុនប្រកបដោយគុណតម្លៃ ក្នុងមហោស្រពភាពយន្តជប៉ុនដោយឥតគិតថ្លៃ ដោយគ្រាន់តែមកដល់ទីតាំងរោងភាពយន្តរយៈពេល ៣០នាទីមុនពេលរឿងចាក់បញ្ចាំង។ ដូច្នេះ កុំភ្លេចមកទស្សនាភាពយន្តក្នុងមហោស្រពភាពយន្តជប៉ុនឱ្យបានច្រើនកុះករ ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុនឱ្យបានកាន់តែច្រើនឡើង។ ព័ត៌មានលម្អិតពីកាលវិភាគចាក់ផ្សាយ លោកអ្នកអាចតាមដានទំព័រហ្វេសប៊ុកផ្លូវការ Japanese Film Festival – Cambodia។
គួររំឮកផងដែរថា មកទល់ពេលនេះរយៈពេលប្រមាណ ៩ឆ្នាំហើយ ដែលមហោស្រពភាពយន្តជប៉ុន បាននាំយកភាពយន្តជប៉ុនប្រកបដោយគុណភាព និងគុណតម្លៃមកចាក់បញ្ចាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាយើង ដែលផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាបានសិក្សារៀនសូត្របន្ថែមពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន និងកត្តាផ្សេងៗជាច្រើនទៀតដែលឆ្លុះបញ្ចាំងតាមរយៈភាពយន្តដែលបាននាំយកមកចាក់បញ្ចាំង។
បន្ថែមពីលើការចាក់បញ្ចាំងភាពយន្ត ជប៉ុនក៏បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញភាពយន្តជូនដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជាផងដែរ។ ជាក់ស្តែង កន្លងមក ក្រោមកិច្ចសហរវាងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ និងនាយកដ្ឋានសិល្បភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការឈូករ័ត្នបានបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរអត្ថបទភាពយន្ត ជំនាញថត ជំនាញកាត់តដំឡើងរូប ព្រមទាំងជំនាញយកសំឡេង ជូនដល់សិក្ខាកាមដែលជាយុវជនកម្ពុជា និងទទួលបានផ្លែផ្កាជាទីគាប់ចិត្តផងដែរ។
តាមគម្រោងដែលបានគ្រោងទុក មហោស្រពភាពយន្តជប៉ុន (JFF 2024) នឹងបន្តមកចាក់បញ្ចាំងនៅរាជធានីភ្នំពេញអំឡុងខែវិច្ឆិកា និងធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ តួយ៉ាង ការចាក់បញ្ចាំងលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី ២៩-៣០ ខែវិច្ឆិកា , ការចាក់បញ្ចាំងលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី ៦-៨ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។ សាធារណជនអាចចូលរួមទស្សនាភាពយន្តជប៉ុនដោយឥតគិតថ្លៃដោយគ្រាន់តែមកដល់ទីតាំងរោងភាពយន្តរយៈពេល ៣០នាទីមុនពេលរឿងចាក់បញ្ចាំងតែប៉ុណ្ណោះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច