ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
តារាចម្រៀងមនោសញ្ចេតនា Adele (អាដេល) បានបង្ហាញនូវអារម្មណ៍រំភើបតាមរយៈគណនី Instagram របស់ខ្លួន ក្រោយពីបានក្លាយជាតារាកិត្តិយសជាលើកដំបូងក្នុងកម្មវិធីទូរទស្សន៍ Saturday Night Live ដែលនឹងចាក់ផ្សាយនាចុងសប្ដាហ៍នេះ។
តារាចម្រៀងសញ្ជាតិអង់គ្លេស Adele (អាដេល) នឹងចូលខ្លួនធ្វើជាតារាកិត្តិយសនៃកម្មវិធីទូរទស្សន៍ Saturday Night Live ដែលនឹងចាក់ផ្សាយនាថ្ងៃទី២៤ ខែតុលាខាងមុខនេះ។ នេះបើផ្អែកតាមការបង្ហោះលើគណនី Instagram របស់នាងកាលពីថ្ងៃអាទិត្យ។
ក្រោយពីចូលសិល្បៈបានជិត១២ឆ្នាំ នេះគឺជាលើកទីមួយហើយដែលតារាវ័យ៣០ឆ្នាំរូបនេះ បានក្លាយជាតារាកិត្តិយសប្រចាំកម្មវិធី Saturday Night Live ដែលជាកម្មវិធីទូរទស្សន៍បែបកំប្លែងដ៏ពេញនិយមមួយរបស់អាមេរិក។
នេះក៏ជាលើកដំបូងដែរ ដែល Adele នឹងបង្ហាញរូបរាងថ្មីរបស់ខ្លួនដែលស្គមប្លែកពីមុននៅលើកញ្ចក់ទូរទស្សន៍ ក្រោយពីបានសម្រកទម្ងន់អស់រហូតដល់ ៤៥គីឡូក្រាមឯណោះ។
សូមរំឭកថា តារាចម្រៀង Adele (អាដេល) ទទួលបានភាពល្បីល្បាញកាលពីឆ្នាំ ២០០៨ តាមរយៈអាល់ប៊ុមចម្រៀងដំបូងមានឈ្មោះថា "19” (ណាញធីន)។
អាល់ប៊ុមចម្រៀងថ្មីចុងក្រោយរបស់នាងមានចំណងជើងថា "25” (ធ្វេនធីហ្វាយ) ចេញផ្សាយក្នុងឆ្នាំ ២០១៥ បានបំបែកកំណត់ត្រាទាំងនៅសហរដ្ឋអាមេរិក និងនៅអង់គ្លេស ដោយក្លាយជាអាល់ប៊ុមចម្រៀងដែលលក់ដាច់ជាងគេមិនធ្លាប់មាន៕
ប្រែសម្រួល៖ វ៉ាន់ថន