ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសន្យាថា នឹងជំរុញក្រុមហ៊ុនបារាំង ឱ្យចូលមកវិនិយោគបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាសមិទ្ធផលថ្មីរបស់ប្រទេសកម្ពុជា។ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូមកពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងគណៈប្រតិភូធុរកិច្ចបារាំង ប្រមាណជាង ៦០នាក់ បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៥ ខណៈព្រលាននេះ គ្រោងដាក់ឱ្យដំណើរការ នាខែកញ្ញាខាងមុខ។
នាឱកាសនោះ ឯកឧត្តម Jacques Pellet បានបង្ហាញក្តីសង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនបារាំងមួយចំនួន មកបន្ថែមទៀត ដើម្បីចូលរួមក្នុងការវិនិយោគ នៅក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោផង និងនៅក្នុងប្រទេសកម្ពុជាផង។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរ និងរំភើប មិននឹកស្មានថា រាជរដ្ឋាភិបាលកម្ពុជា សាងសង់ព្រលានយន្ដហោះអន្ដរជាតិតេជោ បានយ៉ាងអស្ចារ្យបែបនេះ។
ឈានមកដល់ថ្ងៃទី ៩ ខែមិថុនានេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងលោកជំទាវ លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានអញ្ជើញចូលរួមក្នុងពិធី សិតព្រះពុទ្ធបដិមា ហើយនាឱកាសនោះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន បានមានប្រសាសន៍ថា ព្រះពុទ្ធបដិមា កសាងពីស្ព័ន និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ជាទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។
អ្នកឧកញ៉ា បន្តទៀតថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់អាកាសយានដ្ឋាន ដែលគ្រោងនឹងបើកប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។
ក្រៅពីព្រះពុទ្ធបដិមាធំនេះ ក៏នឹងមានដាក់តាំងបន្ថែម នូវរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ដែលភាគច្រើន ត្រូវបានកសាង និងនាំមកពីខេត្តសៀមរាប។សូមជម្រាបថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត